(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់ Leeds United បានវិលទៅកាន់តំណែងកំពូលតារាង Championships ដែលជាក្របខណ្ឌលំដាប់ទី២ អង់គ្លេសជាមួយនឹងជ័យជម្នះក្នុងលទ្ធផល ៣-០ ទៅលេីគូប្រជែង Fulham នៅរាត្រីថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០ ក្នុងជេីងទី២ នេះ។

តាមព័ត៌មានពី Channel News Asia បានចេញផ្សាយថា កីឡាករ Patrick Bamford ជួយឲ្យ Leeds នាំមុខ ១គ្រាប់មុននៅតង់ទី១ មុនពេលមិត្តរួមក្រុមកីឡាករបម្រុង Ezgjan Alioski និង Jack Harrison រកបានម្នាក់១គ្រាប់ដូចគ្នានៅវគ្គទី២ ធ្វេីឲ្យពួកគេនាំមុខ ៣ពិន្ទុដាច់ ពីក្រុមលេខ២ West Brom Albions គិតត្រឹមសប្តាហ៍ទី៣៩។

មានតែក្លិបកំពូល ២ប៉ុណ្ណោះនៅចុងបញ្ចប់នៃរដូវកាលធម្មតាដែលត្រូវបានធានាឡេីងទៅកាន់ក្របខណ្ឌកំពូលអង់គ្លេស Premier League គ្រាដែលក្រុមលេខ៣ ដល់លេខ៦ ក្រុមលេង play off ដេីម្បីដណ្តេីមយក ១កៅអីដែលនៅសល់។

តែយ៉ាងណា West Brom នៅតែមាន ៥ ពិន្ទុពីក្រុមលេខ៣ Brentford បើទោះបីជាចាញ់ក្រុមនៅទីក្រុងឡុងដ៍កាលពីថ្ងៃសុក្រក៏ដោយ ដោយនៅសល់ ៧ប្រកួតទៀតមុនបិទរដូវកាល ក្នុងចំណោម ២៤ក្រុមចូលរួម។

គួរបញ្ជាក់ផងថា នៅមុនពេលការប្រកួតចាប់ផ្តេីមក៏មានការស្មឹងស្មាធ ១នាទីផងដែរ ដេីម្បីរំលឹកដល់ការចងចាំរបស់អតីតកីឡាករ Leeds, Norman Hunter និង Trevor Cherry ដែលអ្នកទាំង២ បានស្លាប់កាលពីខែមេសា។

ការប្រកួតមិនមានវត្តមានអ្នកគាំទ្រ ទេ ក្រោមហេតុផលសុខភាព ក្នុងគោលបំណងដើម្បីការពារការរីករាលដាលនៃវីរុស Covid-19៕