(អាហ្វ្រិកខាងត្បូង)៖ មនុស្សចំនួន៧នាក់ ត្រូវបានគេគេធ្វើតេស្តរកឃើញវិជ្ជមាន នៃវីរ៉ុស COVID-19 នៅឯក្លិបបាល់ទាត់ចំនួន៤ ខណៈលីគបាល់ទាត់ South African Premiership ជាព្រឹត្តិការណ៍ធំបំផុត នៅទ្វីបអាហ្វ្រិក រៀបចំចាប់ផ្តើមឡើងវិញ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២៧ ខែមិថុនានេះ។

ខ្សែបម្រើក្លិប Orlando Pirates កីឡាករ Ben Motshwari គឺជាកីឡាករដំបូងគេ ដែលបានឆ្លងជំងឺ COVID-19 ហើយមកដល់ពេលនេះ បានជាសះស្បើយវិញហើយ។

ខ្សែបម្រើម្នាក់ទៀត កីឡាករ Given Mashikinya មកពីក្លិប Bloemfontein Celtic ក៏ត្រូវបានធ្វើតេស្តរកឃើញថា មានភាពវិជ្ជមាន ហើយកំពុងរស់នៅ ដាច់ដោយឡែកពីគេ។

កីឡាករ ដែលកំពុងរស់នៅដាច់ដោយឡែកពីគេដែរនោះ គឺកីឡាករចំនួន២រូបទៀត មិនបានបង្ហាញឈ្មោះនោះទេ មកពីក្លិប Kaizer Chiefs និងបុគ្គលិកចំនួន៣នាក់ ដែលមិនត្រូវបានគេបង្ហាញអត្តសញ្ញាណ មកពីក្លិប Stellenbosch FC។

គិតត្រឹមថ្ងៃសុក្រុ, អាហ្វ្រិកខាងត្បូង មាន១២៤,៥៩០ករណីឆ្លង វីរ៉ុស COVID-19 ជាមួយនឹង២,៣៤០ករណីបានស្លាប់។

រដ្ឋាភិបាលអាហ្វ្រិកខាងត្បូង បានផ្តល់ការអនុញ្ញាត នៅក្នុងសប្តាហ៍នេះ សម្រាប់ឲ្យព្រឹត្តិការណ៍បាល់ទាត់ Premiership ចាប់ផ្តើមឡើងវិញ ដែលផ្តល់ប្រាក់រង្វាន់ចំនួន២.៣លានដុល្លារអាមេរិក៕