(ភ្នំពេញ)៖ លោក ខូវ ឆាយ អគ្គលេខាធិការសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ(ទ័ព) បានលើកឡើងថា ការធ្វើសមាធិ បានធ្វើឲ្យក្រុមទាំងមូល មានការប្រែប្រួលប្លែកពីឆ្នាំមុន និងជំរុញក្រុមមានការខិតខំប្រឹងប្រែងកាន់តែខ្លាំង ក្នុងការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា ក៏ដូចជាត្រៀមប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ ទៀតផង ។

ការថ្លែងបែបនេះ បន្ទាប់ពីថ្នាក់ដឹកនាំក្រុមកំពុងឈរលេខរៀងទី៧ នៃលីគកំពូលកម្ពុជា បានដឹកនាំគ្រូបង្វឹក និងកីឡាករ ចូលរួមពិធីសូត្រមន្ដប្រោះព្រំ និងសមាធិ នៅវត្តសំរោងអណ្ដែត ដោយមានសម្ដេចព្រះសាក្យមុនី កិត្តិបណ្ឌិត ទស្សនវិជ្ជា រ័ត្ន សារឿន និមន្ដជាអធិបតី និងមានការចូលរួមពីលោក ប៉ាឆៃ វីរៈពូជុង អគ្គនាយកស្ថានីយទូរទស្សន៍លេខ៥ ដែលជាប្រធានគណៈកម្មការគ្រប់គ្រង និងទ្រទ្រង់ក្លិប នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ។

លោក ប៉ាឆៃ វីរៈពូជុង បានអះអាងថា ពិធីនេះរៀបចំឡើងក្នុងគោលបំណងឲ្យកីឡាករទាំងអស់ ទទួលបានពរជ័យពីព្រះសង្ឃឹ ក៏ដូចជាការតាំងចិត្ត និងតាំងអារម្មណ៍ឲ្យបានល្អ ដើម្បីត្រៀមស្វាគមន៍ការប្រកួតលីគកំពូលកម្ពុជា ដែលនឹងត្រឡប់មកវិញ នាដើមខែកក្កដាខាងមុខ តាមរយៈការរៀបចំពិធីសូត្រមន្ដ និងការធ្វើសមាធិជាដើម ។ លោកសង្ឃឹមថា ពិធីនេះ នឹងក្លាយជាជំនួយស្មារតីដ៏សំខាន់មួយ សម្រាប់កីឡាករ មុនចេញប្រយុទ្ធលើសមរភូមិវាលស្មៅ ។

ទន្ទឹមជាមួយគ្នាលោក ខូវ ឆាយ អគ្គលេខាធិការក្លិបបានទទួលស្គាល់ថា ការធ្វើសមាធិ ពិតជាធ្វើឲ្យកីឡាកររីកចម្រើប្លែក ជាក់ស្ដែងក្រោយលោក ប៉ាឆៃ វីរៈពូជុង ឧស្សាហ៍ឲ្យកីឡាករធ្វើសមាធិ បានធ្វើកីឡាករភាគច្រើន មានការផ្លាស់ប្ដូរគួរឲ្យគាត់សម្គាល់រាល់សកម្មភាព ទាំងការប្រកួត និងការហ្វឹកហាត់ ទាំងក្នុងទីលាន និងក្រៅទីលាន ពោលគឺធ្វើឲ្យពួកគេមានអារម្មណ៍ស្ងប់ យកចិត្តទុកដាក់ហ្វឹកហាត់ ក៏ដូចជាការចេះគ្រប់គ្រងអារម្មណ៍ នៅពេលមានការប៉ះទង្គិចកើតឡើងជាដើម ។

គួរដឹងថា ជាមួយការចាប់ផ្ដើមលីគរដូវកាលថ្មី មុនផ្អាកការប្រកួត ដោយសារវិបត្តិជំងឺកូវីដ-១៩ ក្រុម Tiffy Army FC បានឆ្លងកាត់ការប្រកួត ៥ លើកមកហើយ ជាមួយលទ្ធផលឈ្នះ ២ ស្មើ ២ និងចាញ់ ១ រកបាន ៨ពិន្ទុស្មើក្រុមអង្គរថាយហ្គឺរ បឹងកេត និងណាហ្គាវើលដ៏ ។ ចំពោះការត្រឡប់មកវិញ នៃលីគកំពូលកម្ពុជាដើមខែក្រោយ Tiffy Army FC នឹងត្រូវជួបក្រុមណាហ្គាវើលដ៏មុនគេ នាថ្ងៃទី៥ ខែកក្កដា នៅកីឡដ្ឋានស្ដាតចាស់ ៕