(អាមេរិក)៖ លោក Ron Jeremy ដែលជាតារាសម្តែងភាពយន្ត 18+ មានភាពល្បីល្បាញខ្លាំងនៅអាមេរិកនោះ, នៅថ្ងៃសុក្រសប្តាហ៍នេះ អំឡុងពេលឡើងតុលាការ បានបដិសេធមិនទទួលស្គាល់ការចោទប្រកាន់ ខណៈលោកត្រូវបានចោទ ពីករណី​រំលោភសេពសន្ថវៈលើស្ត្រី ៣នាក់ និងបៀតបៀនផ្លូវភេទលើស្ត្រីម្នាក់ទៀត។ នេះបើយោងតាមការដកស្រង់ការចេញផ្សាយ ពីសារព័ត៌មាន Fox News នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០។

លោក Jeremy ដែលមានឈ្មោះពិត Ronald Jeremy Hyatt បានបង្ហាញខ្លួន ក្នុងសវនាកា Los Angeles នៅថ្ងៃសុក្រ សប្តាហ៍នេះ។ ក្នុងសវនាកា មេធាវីតំណាងឲ្យលោក Jeremy បានបដិសេធនិងមិនទទួលស្គាល់ ការចោទប្រកាន់របស់តុលាការ ដែលថាកូនក្តីរបស់ខ្លួន គឺ​លោក Jeremy មិនបានរំលោភទាំងបង្ខំលើនារី៣នាក់ និងបៀតបៀនផ្លូវភេទលើនារីម្នាក់។

បុរសវ័យ ៦៧ឆ្នាំរូបនេះ បានបង្ហាញខ្លួនក្នុងតុលាការ ជាមួយឈុតសម្លៀកបំពាក់ពណ៌ទឹកក្រូច និងម៉ាសពណ៌ទឹកក្រូចលាយខ្មៅ អង្គុយនៅកន្លែងសួរចម្លើយ។ ដោយក្នុងនោះ ចៅក្រមបានបដិសេធមិនកាត់បន្ថយប្រាក់ធានា ដែលលោក Jeremy ត្រូវបង់ ចំនួន ៦.៦ លានដុល្លារនោះទេ។ ​លោក​នឹងត្រូវឡើងតុលាការជាថ្មី នៅថ្ងៃទី៣១ ខែសីហា ខាងមុខ។

គួរជម្រាបថា លោក Jeremy រងការចោទប្រកាន់ថា បានរំលោភសេពសន្ថវៈលើនារីវ័យ ២៥ឆ្នាំ ក្នុងផ្ទះមួយកន្លែង នៅតំបន់ហូលីវូដភាគខាងលិច ក្នុងឆ្នាំ២០១៤។ លោក ក៏រងការចោទប្រកាន់ពីករណី រំលោភសេពសន្ថវៈនេះដូចគ្នា លើស្ត្រីពីរនាក់ផ្សេងទៀត​ ខណៈនារីម្នាក់មានវ័យ ៣៣ឆ្នាំ និងម្នាក់ទៀតវ័យ ៤៦ឆ្នាំ ដែលប្រព្រឹត្តនៅពេលវេលាផ្សេងគ្នា ក្នុងក្លឹបកំសាន្តមួយកន្លែង នៅតំបន់ហូលីវូដភាគខាងលិច ក្នុងឆ្នាំ២០១៧។ ចំពោះករណីទី៤ ត្រូវបានព្រះរាជអាជ្ញាលើកឡើងថា លោក Jeremy បានរំលោភសេពសន្ថវៈលើស្ត្រីវ័យ ៣០ឆ្នាំ ក្នុងក្លឹបកំសាន្តតែមួយ ក្នុងខែកក្កដា ឆ្នាំ២០១៩៕