(ហ្សាកាតា)៖​ Nike Inc ដែលត្រូវបានស្គាល់ថា​ ជាក្រុមហ៊ុនផលិតសម្ភារ:កីឡាដ៏ធំនៅលេីពិភពលោកនោះ​ បានព្រមានអំពីការកាត់បន្ថយការងារមួយចំនួនដោយសារតែក្រុមហ៊ុនចង់លក់ដោយផ្ទាល់ដល់អតិថិជន​តាមរយៈ​ Online វិញ។

តាមរយ:ព័ត៌មានពី​ Channel News Asia បានចេញផ្សាយថា​ គម្រោងកាត់បន្ថយបុគ្គលិកខាងលេីនេះអាចនឹងកើតមានឡេីង​ បន្ទាប់ពីក្រុមហ៊ុនបានរាយការណ៍ពីការខាតបង់ចំណូលសុទ្ធប្រចាំត្រីមាសចំនួន ៧៩០លានដុល្លារអាមេរិក​ ដែលនេះជាលើកទី១ ក្នុងរយៈពេល ២ឆ្នាំទៀត​ ដោយសារអាជីវកម្មលក់ដុំរបស់ខ្លួនទទួលរងនូវការដួលរលំ​ ក៏ព្រោះតែហាងលក់ទំនិញមួយចំនួនធំបិទទ្វារ​ ពីការភ័យខ្លាច​ Covid-19។

ក្នុងសេចក្តីថ្លែងការណ៍មួយចេញតាមអ៊ីមែលរបស់​ Nike បានបញ្ជាក់ថា យើងកំពុងផ្លាស់ប្តូរធនធាន​ និងបង្កើតសមត្ថភាពក្នុងការវិនិយោគនៅក្នុងតំបន់ដែលមានសក្តានុពលខ្ពស់បំផុតរបស់យើង​ ហើយយើងរំពឹងថាការកែប្រែឥរិយាបថថ្មីនេះ​ ទំនងជានឹងបាត់បង់ការងារ។

ជាមួយគ្នានោះ​ នាយកប្រតិបត្តិក្រុមហ៊ុន​ លោក John Donahoe បានប្រាប់ក្រុមអ្នកវិភាគកាលពីថ្ងៃព្រហស្បតិ៍ថា​ ឥឡូវនេះក្រុមហ៊ុននឹងផ្តោតលើប្រព័ន្ធឌីជីថលចំនួន ៥០ភាគរយនៃអាជីវកម្មសរុបរបស់ខ្លួនដែលកើនឡើងពី ៣០ភាគរយដែលបានកត់ត្រានៅក្នុងត្រីមាសដែលបានរាយការណ៍។

លោកបានសង្កត់ធ្ងន់ថា​ ចក្ខុវិស័យរបស់យើង​ គឺបង្កើតទីផ្សារឌីជីថលច្បាស់លាស់និងផ្សារភ្ជាប់គ្នា…ដូច្នេះយើងកំពុងពន្លឿនវិធីសាស្ត្ររបស់យើងបន្ថែមទៀត។

លោក​ Donahoe ដែលជាអតីតនាយកប្រតិបត្តិរបស់ ServiceNow និងជានាយកប្រតិបត្តិ eBay បានចូលរួមជាមួយក្រុមហ៊ុន Nike កាលពីដើមឆ្នាំនេះដោយសារក្រុមហ៊ុននេះ​ បានកំពុងជំរុញអាជីវកម្មដោយផ្ទាល់ដល់អតិថិជន។

តែបេីយោងតាមប្រព័ន្ធផ្សព្វផ្សាយ Complex ដែលដកស្រង់លិខិតរបស់លោក Donahoe ដែលបានផ្ញេីទៅកាន់និយោជិកបានឲ្យដឹងថា​ ក្រុមហ៊ុនមិនទាន់ដឹងថាតេី​ចំនួនការងារប៉ុន្មាននឹងត្រូវកាត់បន្ថយនោះទេ​ ហើយតើនរណានឹងត្រូវរងផលប៉ះពាល់ជាក់លាក់នោះដែរ៕