(អាមេរិក)៖ រថយន្តធ្វើដំណើរផ្លូវការរបស់ប្រធានាធិបតីអាមេរិកបច្ចុប្បន្នគឺ លោក ដូណាល់ ត្រាំ ត្រូវគេស្គាល់ដោយឈ្មោះថា «The Beast» ដោយសារតែលក្ខណៈវិសេសអស្ចារ្យរបស់វា។ យ៉ាងណាមិញរថយន្តកាលពីជំនាន់លោក បារ៉ាក់ អូបាម៉ា ក៏មានឈ្មោះដូចគ្នានេះដែរ ហើយលក្ខណៈ ពិសេសរបស់រថយន្តទាំងពីរមិនសូវជាខុសគ្នាប៉ុន្មានទេ។

ប្រធានាធិបតីអាមេរិក បានចាប់ផ្តើមប្រើប្រាស់យានយន្ត ជាយានជំនិះផ្លូវការនៅអំឡុងដើមសតវត្សរ៍ទី២០។ ពេលនោះប្រធានាធិបតី លោក William Howard Taft បានទិញរថយន្តចំនួន៤គ្រឿង និងបានកែច្នៃក្រោលរទេះសេះឲ្យក្លាយទៅជាហ្គារ៉ាស់រថយន្ត។ ដំបូងឡើយប្រធានាធិបតីអាមេរិក ជិះរថយន្តដែលពុំមានការកែច្នៃបន្ថែមអ្វីទាំងអស់ រហូតទាល់តែដល់សម័យរថយន្តលោក Franklin D. Roosevelt ដែលមានរហស្សនាមថា «Sunshine Special» ជារថយន្តប្រធានាធិបតីដំបូងបំផុត ដែលត្រូវបានផលិតឡើងជាពិសេសឲ្យស្របទៅតាម ស្តង់ដាសុវត្ថិភាពរបស់ទីភ្នាក់ងារអង្គរក្ស Secret Service។

មុនពេលមានការធ្វើឃាតប្រធានាធិបតី លោក John F. Kennedy រថយន្តប្រធានាធិបតីអាមេរិក ជារឿយៗអនុញ្ញាតឲ្យមេដឹកនាំប្រទេសនេះ ជិះដោយគ្មានការបិទបាំងអ្វីច្រើនឡើយ។ យ៉ាងណាមិញចាប់តាំងពីហេតុការណ៍នោះមក រថយន្តធ្វើដំណើររបស់ប្រធានាធិបតីអាមេរិកគឺត្រូវបានដំឡើងកម្រាស់ការពារកាន់តែក្រាស់ ហើយបិទកាន់តែជិត ដើម្បីពង្រឹងសុវត្ថិភាពខ្លាំងឡើងពីមួយជំនាន់ទៅមួយជំនាន់។

រថយន្ត «The Beast» របស់លោក ដូណាល់ ត្រាំ ដែលមានតម្លៃ១៥លានដុល្លារ ត្រូវបានប្រើប្រាស់ជាលើកដំបូង ក្នុងដំណើរទស្សនកិច្ចមួយ របស់លោក ទៅកាន់ទីក្រុងញូយ៉ក កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨។ លក្ខណៈពិសេសរបស់វា រួមមានដូចជា តួខ្លួនដែលស្រោបដោយ ស្រទាប់ការពារផ្សំពីវត្ថុធាតុចម្រុះអាលុយមីញ៉ូម សេរ៉ាម៉ិច និងដែកថែប កម្រាស់២០សង់ទីម៉ែត្រ និងបង្អួចកញ្ចក់កម្រាស់១២សង់ទីម៉ែត្រ ដែលមាន៥ស្រទាប់ ការពារពីការបាញ់ទម្លុះ។

ទ្វារនីមួយៗរបស់រថយន្ត «The Beast» មានទម្ងន់ធ្ងន់ខ្លាំងគឺស្មើនឹងទ្វារនៅលើយន្តហោះ Boeing 757 ឯណោះ។ ចំណែកផ្ទៃខាងក្នុងរបស់វា ត្រូវបានបិទយ៉ាងជិត ដើម្បីប្រឆាំងការវាយប្រហារដោយអាវុធគីមី។ នៅផ្នែកខាងក្រោមរថយន្តវិញ មានបំពាក់បន្ទះដែកថែប ដែលការពារពីការវាយប្រហារដោយគ្រាប់បែកបង្កៃ នៅតាមដងផ្លូវ។ ជាមួយ គ្នានេះ កង់ទាំងបួន របស់រថយន្តត្រូវបានទ្រាប់ដោយសរសៃក្រណាត់ម៉្យាង (Kelvar) ដ៏ធន់បំផុតដើម្បីការពារពួកវាពីការផ្ទុះបែកហើយ បើសិនជានៅតែបែកទៀត នោះ រថយន្តនេះក៏នៅតែអាចបន្តដំណើរបាន ដោយប្រើប្រាស់ផ្នែកលោហៈដ៏រឹងមាំរបស់ខ្នងកង់ទាំងនោះបាន ដែរ ។

រីឯធុងសាំងរបស់រថយន្តនេះត្រូវបានស្រោបដោយ លោហៈ ធាតុ ការពារយ៉ាងរឹងមាំបំផុតនិងមានផ្ទុកនូវសារធាតុម៉្យាងដើម្បីទប់ស្កាត់ការផ្ទុះឆេះថែមទៀត។ «The Beast» ក៏មានឧបករណ៍បាញ់ឧស្ម័នបង្ហូរទឹកភ្នែក នៅផ្នែកខាងមុខក៏ដូចជាខាងក្រោយ និងបច្ចេកវិទ្យាមើលផ្លូវពេលយប់ ព្រមទាំងកាំភ្លើង ស្នប់មួយដើម រួមជាមួយម៉ាស៉ីនជំនួយដង្ហើម កញ្ចប់ស្តុកឈាមលោក ត្រាំ ធុងអុកស៉ីសែន ទូរស័ព្ទប្រើ ផ្កាយរណប ដែលតភ្ជាប់ជាមួយអនុប្រធានាធិបតី និងក្រសួងការពារជាតិអាមេរិកដោយផ្ទាល់ និងប្រព័ន្ធ GPS តាមដាន។ លោក ត្រាំ ក៏អាចបញ្ជាឲ្យប្រើអាវុធនុយក្លេអ៊ែរ ចេញពីក្នុងរថយន្តនេះតែម្តងក៏បានដែរ។ ចំណែកអ្នកបើករថយន្ត គឺជាភ្នាក់ងារកងអង្គរក្ស ដែលមានជំនាញបើកបរ យ៉ាងប៉ិនប្រសព្វជាទីបំផុត។

គួរជម្រាបថា ខាងលើនេះគ្រាន់តែជាលក្ខណៈពិសេសៗមួយចំនួន ដែលប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសហរដ្ឋនៅអាមេរិកបានអះអាងប៉ុណ្ណោះ ខណៈលក្ខណៈលម្អិតពិតប្រាកដជាក់ស្តែងតែម្តង គឺជាការណ៍សម្ងាត់របស់ពួក Secret Service អាមេរិក។ ជាទូទៅរថយន្តប្រធានាធិបតី ដែលគេឈប់ប្រើប្រាស់ តែងតែត្រូវបានរុះរើកម្ទេចចោលក្រោមការត្រួតពិនិត្យរបស់ Secret Service ដើម្បីកុំឲ្យអាថ៌កំបាំងរថយន្តទាំងនោះធ្លាក់ទៅដល់ដៃភាគីខាងក្រៅ។

ជាធម្មតាក្បូនរថយន្តប្រធានាធិបតីអាមេរិក មានយានយន្តចន្លោះពី២០គ្រឿង ទៅដល់ជិត៥០គ្រឿង ហើយក្នុងនោះមានរថយន្ត ដែលមានតួនាទីជាច្រើនប្រភេទ ហើយក៏មានរថយន្តដែលមានរូបរាងដូចរថយន្តរបស់ប្រធានាធិបតីផងដែរ។ នៅពេលចេញទៅទស្សនកិច្ចនៅក្រៅប្រទេសរថយន្ត «The Beast» និងរថយន្តអមដំណើរដទៃទៀត ក៏ត្រូវដឹកតាមយន្តហោះយកទៅតាមសម្រាប់ការធ្វើដំណើររបស់លោក ត្រាំ ផងដែរ៕