(ភ្នំពេញ)៖ ខ្សែការពារមានបទពិសោធន៍ជោគជាំក្នុងអាជីព កីឡាករ ទូច បញ្ចរ៉ុង បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ក្នុងវ័យ ៣៣ឆ្នាំ និងក្លាយខ្លួនជាក្រុមការងារគ្រូបង្វឹករបស់យុវជនអាយុក្រោមអាយុ ១៨ឆ្នាំនៃក្លិបបឹងកេត។

ទូច បញ្ចរ៉ុង បានឲ្យដឹងថា និយាយទៅការសម្រេចចិត្តរបស់ខ្ញុំនេះ គឺមាន២ចំណុច ទី១៖ ចង់អភិវឌ្ឍខ្លួនឯងបន្ថែមទៀតក្នុងវិស័យបាល់ទាត់ដែរ តែក្នុងលក្ខណៈជាគ្រូបង្វឹក ហើយទី២៖ ចង់ផ្តល់ឱកាសឱ្យប្អូនៗជំនាន់ក្រោយអភិវឌ្ឍខ្លួនបានលឿនដើម្បីទុកកន្លែងឱ្យពួកគាត់។

ថ្វីត្បិតតែត្រូវបានផ្លាស់ប្តូរពីកីឡាករមកជាគ្រូ បញ្ចរ៉ុង បានអះអាងថាវាមានផលលំបាកខ្លះដែរ ព្រោះវាគឺជាការចាប់ផ្តើមដំបូងរបស់ខ្លួន។

អតីតកីឡាករដែលប្រកបអាជីពនៅក្លិបបឹងកេតយូរជាងគេរូបនេះ ក៏បានជ្រើសរើសកីឡាករ ២រូបដែលកំពុងល្អនាពេលបច្ចុប្បន្នគឺខ្សែការពារ ទេស សម្បត្តិ និង ស្លេះ ស៊េន ពួកគាត់ទាំងពីរអ្នកលេងល្អខុសពីមុនៅស្ទើរច្រើន។

គួរដឹងផងដែរថា ទូច បញ្ចរ៉ុង បានជាប់ជម្រើសក្នុងឈុត U19 ក្រោមការគ្រប់គ្រងរបស់គ្រូបង្វឹក ប្រាក់ សុវណ្ណារ៉ា។ បញ្ចរ៉ុង បានចេញទៅប្រកួតនៅក្នុងពានរង្វាន់ AFF U19 Championship 2009 នៅប្រទេសវៀតណាម តែកម្ពុជាចាញ់ទាំង៣ប្រកួតជាប់គ្នា។

សូមបញ្ជាក់ផងដែរថា កីឡាករ ទូច បញ្ចរ៉ុង បានចាប់ផ្តើមអាជីពរបស់ខ្លួននៅក្លិបបឹងកេត ចាប់ពីរដូវកាលឆ្នាំ២០១២ ដោយជួយក្លិបឈ្នះពានលីគកំពូលកម្ពុជា ៣សម័យកាល (២០១២, ២០១៦ និងឆ្នាំ២០១៧) និងឈ្នះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិបនៅឆ្នាំ ២០១៩៕