(ភ្នំពេញ)៖ លោក គីម ភក្ដី គ្រូបង្គោលបណ្ដោះអាសន្នរបស់ក្លិបបឹងកេត បានបង្ហើបគោលដៅធំៗ២ ក្នុងការដឹកនាំអតីតក្រុមជើងឯកលីគ ៣សម័យនេះ បន្ទាប់ពីក្លិបប្រកាសចែកផ្លូវជាមួយគ្រូបង្វឹកជនជាតិថៃ លោក APISIT IM AMPHAI កាលពីពេលថ្មីៗ។ គោលដៅខាងលើ ទី១-ការអភិវឌ្ឍន៍កីឡាករ និងក្រុម និងទី២-ជ័យជម្នះ។

គ្រូបង្វឹកកម្រិត A-License បានបន្ដថា ដរាបណាក្លិបមិនទាន់មានការប្រែប្រួល ក្នុងនាមនាយកបច្ចេកទេសក្លិប លោកនឹងព្យាយាមដោះស្រាយ និងជួយក្លិបក្នុងនាមគ្រូធំរហូតដល់ក្លិបតែងតាំងគ្រូបង្គោលថ្មី។ លោកថា «ក្នុងការដឹកនាំនេះ គោលបំណងសំខាន់ ជ័យជម្នះដាច់ខាតយើងត្រូវតែចង់បាន។ ប៉ុន្ដែទន្ទឹមនឹងការចង់បានជ័យជម្នះ ក៏យើងត្រូវការអភិវឌ្ឍកីឡាករ និងក្រុមឲ្យរត់ទៅរកគោលដៅតែមួយ។ ចឹងខ្ញុំមកទីនេះ អ្វីដែលខ្ញុំត្រូវធ្វើ ទី១-គឺអភិវឌ្ឍកីឡាករ និងអភិវឌ្ឍក្រុម និងទី២ ត្រូវការជ័យជម្នះ»

ជាមួយការទទួលតំណែងដ៏សំខាន់នេះដែរ លោក គីម ភក្ដី បញ្ជាក់ថា ការបាល់ទាត់មានទាំងលំបាក និងងាយស្រួល ហេតុនេះលោកត្រៀមខ្លួនរួចរាល់ ដើម្បីដឹកនាំបឹងកេត ឆ្ពោះទៅរកការប្រកួតប្រជែងដ៏ខ្លាំងក្លាលើទីលាន ដោយពឹងផ្អែកបទពិសោធន៍លើវាលស្មៅរាប់ឆ្នាំរបស់ខ្លួន។ ជារួមលោកថា ការដឹកនាំក្រុមផ្ទាល់នេះ ហាក់គ្មានសម្ពាធឡើយ ព្រោះតាំងពីលោកផ្ទេរចូលបឹងកេត លោកតែងទំនាក់ទំនង និងធ្វើការងារជាប្រចាំជាមួយក្រុមការងារបច្ចេកទេសក្លិប រួមទាំងអតីតគ្រូបង្វឹកលោក លោក APISIT IM AMPHAI ផងដែរ។

លោកបន្ថែមថា «ក្នុងឱកាសនេះ ខ្ញុំមកដឹកនាំផ្ទាល់ បើនិយាយពីសម្ពាធខ្ញុំគិតថា មិនមានសម្ពាធអ្វីណាស់ណាទេ ដោយសារវាជាការងារ ដែលយើងធ្វើការជាច្រើនឆ្នាំមកហើយ។ អ្វីដែលយើងព្រួយបារម្ភ គឺអារម្មណ៍កីឡាករត្រឡប់មកវិញ ដោយសារក្នុងស្ថានភាពកូវីដ-១៩ នេះ គឺកីឡាករសម្រាកយូរ ចឹងការប្រកួតប្រជែង ដែលយើងត្រូវប្រមូលអារម្មណ៍កីឡាករត្រឡប់មកវិញ ធ្វើឲ្យពួកគេមានអារម្មណ៍ប្រកួតប្រជែងឡើងវិញ ព្រោះកាលណាកីឡាករបាត់បង់ភាពប្រកួតប្រជែង ក៏ធ្វើឲ្យចំណាត់ថ្នាក់ក្រុមធ្លាក់ចុះ ហើយបាល់ទាត់ជាតិយើងក៏ធ្លាក់ចុះដែរ»

គួរដឹងថា លោក គីម ភក្ដី បានចូលរួមជាមួយក្លិបបឹងកេតកាលពីឆ្នាំ២០១៩ ក្នុងនាមនាយកបច្ចេកទេស ក្រោយចាកចេញពីសាលាបាល់ទាត់ជាតិបាទី។ ចំពោះភារកិច្ចដំបូង បន្ទាប់ពីលោកត្រូវបានក្លិបតែងតាំងជាគ្រូបង្វឹកបណ្ដោះអាសន្ន លោកត្រូវដឹកនាំបឹងកេត បើកទ្វារផ្ទះទទួលក្លិបសូលទីឡូអង្គរ នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ។ បច្ចុប្បន្នបឹងកេត កំពុងឈរលេខ៥ និងមាន ៨ពិន្ទុ ក្រោយឆ្លងកាត់ ៤ប្រកួត ឈ្នះ២ និងស្មើ២ ដែលដឹកនាំដោយលោក APISIT IM AMPHAI៕