(ប្រេស៉ីល)៖ ធនាគារកណ្តាលប្រេស៉ីលបានផ្អាកភ្លាមៗនូវ ប្រតិបត្តិការនៃប្រព័ន្ធទូទាត់ប្រាក់ថ្មីមួយរបស់កម្មវិធី WhatsApp ដែលស្ថិតនៅ​ក្រោមកម្មសិទ្ធិរបស់ Facebook។ ប្រព័ន្ធថ្មីនេះអនុញ្ញាតឲ្យអ្នកប្រើប្រាស់ WhatsApp ផ្ញើប្រាក់តាម Chat បាន។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២០។

ធនាគារកណ្តាលរបស់ប្រេស៉ីលបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ការដាក់ចេញប្រព័ន្ធខាងលើដោយគ្មានការអនុញ្ញាត និងពិនិត្យពិច័យ​ត្រឹមត្រូវជាមុននោះ អាចបង្កការខូចខាតធ្ងន់ធ្ងរដល់ប្រព័ន្ធទូទាត់ប្រាក់របស់ប្រទេសប្រេស៉ីល នៅក្នុងផ្នែកប្រកួតប្រជែង ប្រសិទ្ធភាព និង​ឯកជនភាពនៃទិន្នន័យ។ ធនាគារកណ្តាលប្រេស៉ីល បានបង្គាប់ឲ្យ Visa និង Mastercard ផ្អាកការទូទាត់និងផ្ទេរប្រាក់ តាមប្រព័ន្ធរបស់ WhatsApp ជាបន្ទាន់ ហើយបើពួកគេមិនធ្វើតាមទេនោះ នឹងត្រូវរងការពិន័យពីអាជ្ញាធរប្រេស៉ីល។

គួរជម្រាបថា ប្រព័ន្ធទូទាត់ប្រាក់របស់ WhatsApp ត្រូវបានដាក់ឲ្យប្រើប្រាស់នៅទូទាំងប្រទេសប្រេស៉ីល កាលពីសប្តាហ៍មុន។ វាអនុញ្ញាតឲ្យ​អ្នកប្រើប្រាស់ផ្ទេរនិងទូទាត់ប្រាក់ទៅកាន់បុគ្គលណាម្នាក់ ឬអាជីវកម្មក្នុងស្រុកណាមួយ តាមរយៈ Chat គឺដោយភ្ជាប់ចំនួនទឹកប្រាក់ ដូចទៅ​នឹងការផ្ញើរូបភាព ឬវីដេអូយ៉ាងដូច្នោះ៕​