(បាសេឡូណា)៖ ខ្សែបម្រើប្រយុទ្ធ Ivan Rakitic ដែលត្រូវបានចូលលេងក្នុងនាមជាកីឡាករបម្រុងបានស៊ុតគ្រាប់ជ័យ ជម្នះឲ្យក្រុមការពារតំណែងជើងឯក FC Barcelona ឡើងទៅឈរនៅកំពូលតារាង LaLiga វិញ ក្រោយយកឈ្នះក្រុម ភ្ញៀវ Athletic Bilbao ១-០ នៅកីឡដ្ឋាន Camp Nou នារាត្រីថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០។

តាមរយៈព័ត៌មានពី Channel News Asia បានចេញផ្សាយថា ១គ្រាប់ជ័យជម្នះរបស់កីឡាករក្រូអាត Rakitic កើតឡើងនៅនាទីទី៧១ បន្ទាប់ពីប្តូរចូលលេងបានតែ ៦នាទីប៉ុណ្ណោះ ដើម្បីជំនួសមិត្តរួមក្រុម Sergio Busquets ក្នុងការទទួលបានជ័យជម្នះជាលើកទី៣ ក្នុងចំណោម ៤ប្រកួតត្រឡប់មកវិញ បន្ទាប់ពីផ្អាកដោយសារវិបត្តិ Covid-19 ជាមួយនឹងលទ្ធផលស្មើ ០-០ ទល់នឹងម្ចាស់ផ្ទះ Sevilla កាលពីសប្តាហ៍មុនផងដែរ។

៣ពិន្ទុបន្ថែមនេះដែរ បានធ្វើឲ្យក្រុមអ្នកមានបុណ្យ FC Barcelona រកបាន ៦៨ពិន្ទុ រុញច្រាន Real Madrid ដែលមាន ៦៥ពិន្ទុធ្លាក់មកឈរនៅលេខរៀងទី២ ជាបណ្តោះអាសន្នវិញ ដ្បិតត្រូវជួបក្រុមភ្ញៀវ Real Mallorca រាត្រីនេះ ក្នុងសប្តាហ៍ទី៣១ ជើងទី២។

១ប្រកួតបន្ទាប់ក្នុងសប្តាហ៍ទី៣២ ក្រុមរបស់លោក Quique Setien ត្រូវជួបក្រុម Celta Vigo នៅរាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ដោយពុំមានវត្តមានកីឡាករ Sergio Busquets ជាប់បម្រាម និង Frenkie de Jong កំពុងមានបញ្ហារបួស គ្រាដែលគ្រាប់ទី៧០០ របស់កីឡាករប្រធានក្រុម Lionel Messi អាចនឹងកើតមានឡើង ក្រោយខកខាន ២ប្រកួតមកនេះទល់នឹង Sevilla និង Bilbao៕