(បរទេស)៖ យោងតាមសារព័ត៌មាន Global News ថ្មីៗនេះ បានចុះផ្សាយថា តារាចម្រៀងប្រុសល្បីឈ្មោះ Justin Bieber ត្រូវបានចោទប្រកាន់ថា រំលោភបំពានផ្លូវភេទលើនារី២នាក់។ នារីម្នាក់ ឈ្មោះ Danielle ចោទថា Justin Bieber រំលោភបំពានផ្លូវភេទលើរូបនាង នៅឆ្នាំ២០១៤ ខណៈនារីម្នាក់ទៀតឈ្មោះ Kadi បានចោទថា Justin Bieber រំលោភនាងនៅឆ្នាំ២០១៥។ រាល់ការចោទប្រកាន់នេះ តារាប្រុស Justin Bieber បានចេញមុខមកបដិសេធ និងអះអាងថា ជារឿងប្រឌិត។

នារីទី១ ឈ្មោះ Danielle បានអះអាង តាមរយៈបណ្តាញសង្គម Twitter ថា Justin បានបោកបញ្ឆោតនាង នៅពេលដែលរូបលោក កំពុងណាត់ជួបជាមួយគូស្នេហ៍ Selena Gomez។ ក្រោយមក នាងត្រូវបាន Justin ចាប់រំលោភនៅឯសណ្ឋាគារមួយក្នុងទីក្រុង Austin រដ្ឋតិចសាស់ កាលពីថ្ងៃទី០៩ ខែមីនាឆ្នាំ ២០១៤។

នារីទី២ ឈ្មោះ Kadi ក៏លើកឡើងជាមួយ Danielle ដែរ ដោយអះអាងថា រូបនាងត្រូវបាន Justin ចាប់រំលោភ នៅសណ្ឋាគារ Langham ទីក្រុងញូយ៉ក នៅពេលព្រឹកព្រលឹម ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៥។ នាងថា Justin បានដើរតាមនាងទៅបន្ទប់ទឹក ហើយចាក់គន្លិះទ្វារ ចាប់ផ្តើមថើបនាង ហើយធ្វើសកម្មភាពរលោភបំពានផ្លូវភេទលើរូបនាងតែម្តង។

យ៉ាងណាមិញ ក្រោយពីប្រទះនឹងរឿងអាស្រូវបែបនេះ បានធ្វើឲ្យឈ្មោះរបស់តារាវ័យក្មេង Justin មានស្ទើរគ្រប់សារព័ត៌មានធំៗ ខណៈមហាជនមានមន្ទិលសង្ស័យថា តើការចោទប្រកាន់ពីសំណាក់ នារីទាំងពីរនាក់ខាងលើ ជារឿងពិត ឬប្រឌិត។

ជាក់ស្តែង ក្រោយបង្ហោះសារថា ខ្លួនត្រូវបាន Justin រំលោភ នាង Danielle បច្ចុប្បន្នបានលុបសារដែលនាងបង្ហោះលើ Twitter អស់ ខណៈ Justin Bieber ចេញមុខមកបដិសេធជាបន្តបន្ទាប់ តាមរយៈការបង្ហោះសារ Twitter ភ្ជាប់ជាមួយភស្តុតាងជាច្រើន ហើយប្រកាន់ជំហរថា នេះជារឿងប្រឌិត៕