(ម៉ាឌ្រីដ)៖ លោក Carlo Ancelotti អតីតធ្លាប់ដឹកនាំក្លិប Real Madrid នៅអំឡុងឆ្នាំ២០១៣-២០១៥ របស់អេស្ប៉ាញ ត្រូវបានអាជ្ញាធរនៃប្រទេសនេះ ចោទប្រកាន់ពីបទបន្លំពន្ធនាពេលកន្លងមកដែលមានទំហំទឹកប្រាក់ប្រមាណ ១.១២លានដុល្លារ ពីចំណូលដែលបានពីការលក់រូបភាព។ នេះបើយោងតាមការចេញផ្សាយដោយ CNA នាថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០។

សេចក្ដីថ្លែងការណ៍មួយដែលចេញដោយការិយាល័យរាជអាជ្ញាទីក្រុងម៉ាឌ្រីដបានឲ្យដឹងថា លោក Ancelotti បានលាក់បាំងប្រាក់ចំណូល ក្នុងគោលបំណងគេចវេសពីកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ ដោយមិនមានការបញ្ជាក់ត្រឹមត្រូវ ខណៈបច្ចុប្បន្នលោកនៅមិនទាន់សុំការបកស្រាយបាននៅឡើយ។

បុរសសញ្ជាតិអ៉ីតាលី ដែលមានវ័យ ៦១ឆ្នាំខាងលើនេះ បានកំពុងដឹកនាំក្រុមលេងនៅ Premier League, Everton ដោយធ្លាប់ដឹកនាំ Real Madrid អំឡុងឆ្នាំ២០១៣-២០១៥ ជាមយយនឹងឈ្នះពានរង្វាន់ធំរបស់អឺរ៉ុប UEFA Champions League បាន ១ដង FIFA Club World Cup, Super Cup, Copa Del Rey និងពាន International Champions Cup ថែមទៀតផង។

គួរលឹកផងថា ចំពោះករណីដូចគ្នាមានបណ្តាបុគ្គលល្បីៗដែលធ្លាប់ពាក់ព័ន្ធមានលោក Jose Mourinho រួមជាមួយកីឡាករ Cristiano Ronaldo, Lionel Messi និងកីឡាករ Diego Costa ផងដែរ សុទ្ធតែយល់ព្រមបង់ប្រាក់រួចអស់ហើយ៕