(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នឹងប្រជុំសម្រេចស្លាកសញ្ញា (LOGO) និមិត្តសញ្ញា (Mascot) និងពាក្យស្លោក ឬបាវចនាស៊ីហ្គេម នាថ្ងៃទី០២ ខែកក្កដា ដែលដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC។

កិច្ចប្រជុំសម្រេចខាងលើអាចប្រព្រឹត្តទៅបាន ក្រោយគណៈអចិន្ដ្រៃយ៍ CAMSOC បានបើកកិច្ចប្រជុំជាច្រើនសប្ដាហ៍ ដើម្បីជជែកពីស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនាខាងលើ ហើយបានសម្រេចមួយជំហានក្នុងកិច្ចប្រជុំនៅថ្ងៃទី២៣ ខែមិថុនានេះ ដែលដឹកនាំរបស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយចប់កិច្ចប្រជុំថា មកទល់ពេលនេះ គណៈអចិន្ដ្រៃយ៍បានសម្រេចមួយជំហានលើស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនា សម្រាប់ដាក់ឆ្លងសម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងកិច្ចប្រជុំនាថ្ងៃទី០២ ខែកក្កដាហើយ ដើម្បីពិនិត្យ និងសម្រេចចុងក្រោយ សម្រាប់ធ្វើការផ្សព្វផ្សាយពីដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបានគូសបញ្ជាក់ថា «យើងត្រូវសម្រេចឲ្យបាននៅថ្ងៃទី០២-កក្កដា ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC នឹងធ្វើការសម្រេចចុងក្រោយ បន្ទាប់មកធ្វើរបាយការណ៍ជូនរាជរដ្ឋាភិបាល ដើម្បីពិនិត្យនូវធាតុសំខាន់ ដែលធ្វើឲ្យដំណើរការផ្សព្វផ្សាយ និងការគាំទ្រស៊ីហ្គេម ឆ្នាំ២០២៣ តាមរយៈការរៀបចំ Logo Mascot និងបាវចនានេះ»

លោក វ៉ាត់ ចំរើន បន្ថែម បានបន្ថែមថា «កាលណាយើងសម្រេច Logo Mascot និងបាវចនាហើយ យើងនឹងមាន SEA Games Song ដោយយកខ្លឹមសារទាំងអស់ មកចងក្រងជាចម្រៀងប្រចាំស៊ីហ្គេម។ អញ្ចឹងនេះជាវឌ្ឍនភាពដ៏ល្អមួយ ដែលយើងនឹងសម្រេចនាខែក្រោយ ហើយអ្វីៗនឹងដំណើរការទៅ ដូចជាការផ្សព្វផ្សាយ ការរៀបចំ និងពិធីផ្សេងៗ ដើម្បីស្វែងរកការគាំទ្រព្រឹត្តិការណ៍ស៊ីហ្គេមជាប្រវត្តិសាស្ដ្រឲ្យទទួលបានជោគជ័យ»

សម្រាប់កិច្ចប្រជុំថ្ងៃនេះដែរ ក្រៅពីពិនិត្យវឌ្ឍនភាពលើស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនា គណៈអចិន្ដ្រៃយ៍ CAMSOC ក៏បានកោះប្រជុំគណៈកម្មការផ្គត់ផ្គង់ និងហិរញ្ញវត្ថុ ដើម្បីបង្ហាញបច្ចុប្បន្នភាពការងារ និងផែនការសំខាន់ៗមួយចំនួន ដើម្បីសម្រួចទិសដៅស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ៕