(អាមេរិក)៖ លោក Steve Bing ដែលជាអ្នកនិពន្ធរឿងកំប្លែង «Kangaroo Jack 2003» និងជាអតីតគូស្នេហ៍ របស់តារាម៉ូដែល Elizabeth Hurley បានទទួលមរណភាពក្នុងវ័យ ៥៥ឆ្នាំ។ ផលិតកររូបនេះ បានស្លាប់ភ្លាមៗ ក្រោយធ្វើអត្តឃាត លោតពីលើអាគារអាផាតមិនកម្ពស់ ២៧ជាន់ នៅទីក្រុង Los Angeles។ នេះបើយោងតាមការផ្សាយដោយ Dailymail ដកស្រង់ចេញពីសារព័ត៌មាន TMZ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០។

បើតាមប្រភព ពីមន្ត្រីកោសល្យវិច្ច័យ បានឲ្យដឹងថា ផលិតករ Steve Bing បានស្លាប់ដោយការធ្វើអត្តឃាត នៅថ្ងៃច័ន្ទសប្តាហ៍នេះ បន្ទាប់ពីលោត ពីលើអាគារអាផាតមិនកម្ពស់ ២៧ជាន់ នៅទីក្រុង Los Angeles។ តាមប្រភពពីអ្នកជិតខាងបានឲ្យដឹងថា លោក Steve Bing មានជំងឺបាក់ទឹកចិត្ត ពេលដាក់ខ្លួនឲ្យនៅដាច់ដោយឡែក អំឡុងកូវីដ១៩...។

ទន្ទឹមនឹងការទទួលមរណភាព របស់ផលិតករល្បីឈ្មោះ Steve Bing មានការប៉ាន់ប្រមាណថា ប្រាក់សុទ្ធដែលលោកមាន គឺប្រមាណ ៥៩០លានដុល្លារអាមេរិកឯណោះ។ ផលិតករជនជាតិអាមេរិករូបនេះ ក៏ត្រូវបានគេដឹងថា កាលអាយុ១៨ឆ្នាំ លោកទទួលបានមរតកប្រមាណ ៦០០លានដុល្លារ ពីជីតារបស់លោក Leo S.Bing។

ចំពោះវិស័យសិល្បៈភាពយន្ត លោក Steve Bing បានវិនិយោគប្រាក់ ៨០លានដុល្លារ ទៅលើរឿង «The Polar Expree» របស់ Tom Hanks ដែលរកចំណូលបានមកវិញ ចំនួន ២៨៥លានដុល្លារ ទូទាំងពិភពលោក ដែលនេះជាផ្នែកមួយ នៃភាពជោគជ័យរបស់លោក៕