(មេនឆេស្ទើ)៖ ការនាំមុខ ៣-០ ត្រឹមវគ្គទី១ ទៅលើក្រុមភ្ញៀវ Burnley បានធ្វើឲ្យ Manchester City ក្លាយជាគូប្រជែងដ៏ស្វិតស្វាញជាមួយ Liverpool នារដូវកាលក្រោយក្នុងព្រឹត្តិការណ៍ Premier League ជាបន្តទៀត។

ជ័យជម្នះ ៥-០ ក្រោយបញ្ចប់ម៉ោង ៩០នាទីក្នុងសប្តាហ៍ទី៣០ ជើងទី២ នារាត្រីថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០ នោះ ក្រុមដែលមានរហស្សនាម «មេឃខៀវ» រកបាន ៣ពិន្ទុជាលើកទី២ នៅកីឡដ្ឋាន Etihad ក្រោយវិលចូលទីលានវិញ បន្ទាប់ពីសម្រាកជាង ១០០ថ្ងៃមកនេះដោយសារវិបត្តិ Covid-19។

ការចាប់ផ្តើមទម្រង់លេងដ៏ល្អ ជាមួយនឹងការស៊ុតបញ្ចូលទីគូប្រកួតបាន ៨គ្រាប់ក្នុងចំណោម ២ប្រកួតនាពេលថ្មីៗនេះ ក្រោមការបង្វឹករបស់លោក Pep Guardiola រឹតតែធ្វើឲ្យ Liverpool របស់លោក Jurgen Klopp មានការចាប់អារម្មណ៍ខ្លាំងឡើងក្នុងការការពាន Premier League ដែលពួកគេប្រកៀកក្នុងការឈ្នះនារដូវកាលនេះ សម្រាប់រដូវកាលឆ្នាំ២០២០-២០២១ ខាងមុខផងដែរ។

កីឡាករវ័យក្មេង Phil Foden រកបាន ២គ្រាប់ម្នាក់ឯង បន្ថែមលើការរកបាន ១គ្រាប់ផងដែរពេល Man City យកឈ្នះ Arsenal ៣-០ នៅក្នុងទីក្រុង Manchester នេះដូចគ្នា ដែលជាការរកបានគ្រាប់បាល់ជាប់ៗគ្នានៅ Premier League ក្នុងអាជីពបាល់ទាត់របស់គេ ជាមួយនឹងមិត្តរួមក្រុម Riyad Mahrez រកបាន ២គ្រាប់ និង David Silva ១គ្រាប់ផងដែរនាយប់មិញនេះ។

ក្រុមការពារតំណែងជើងឯកមួយនេះ Manchester City បន្តដេញតាមពីក្រោយក្រុមកំពូលតារាង Liverpool ចំនួន ២០ពិន្ទុដដែលគិតត្រឹមសប្តាហ៍ទី៣០ ដោយនៅសល់ ៨ប្រកួតបិទរដូវកាលពីពិន្ទុដាច់គ្នា ៦៣ពិន្ទុទល់នឹង ៨៣ពិន្ទុ ស្របពេល Burnley ឈរនៅលេខ១១ មាន ៣៩ពិន្ទុ នៅក្រៅតំបន់កាត់ចោល ១២ពិន្ទុ៕