(ភ្នំពេញ)៖ ពានរង្វាន់យុវជនអាយុក្រោម ១៦ឆ្នាំ និងអាយុក្រោម ១៨ឆ្នាំ ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងត្រឡប់មកវិញនាខែកក្កដាខាងមុខនេះហើយ តែមិនអនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនាការប្រកួតផ្ទាល់ឡើយ ដើម្បីចូលរួមការពារ និងទប់ស្កាត់រលកទី២ នៃជំងឺកូវីដ-១៩(Covid-19)។

យោងតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ពានយុវជនទាំង ២ក្របខណ្ឌ នឹងដំណើរការប្រកួតឡើងវិញ នៅថ្ងៃទី១៩ ខែកក្កដា ហើយបញ្ចប់នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ពោលគឺធ្វើឡើងក្រោយការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា ២សប្ដាហ៍ ដ្បិតលីគនឹងបន្ដការប្រកួតនាថ្ងៃទី៤-៥ ខែកក្កដាខាងមុខ។

ប៉ុន្ដែដើម្បីការពារជំងឺកូវីដ-១៩ សហព័ន្ធបានតម្រូវឲ្យគណៈកម្មការរៀបចំ និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ដោយក្រៅពីប្រកួតគ្មានអ្នកទស្សនាផ្ទាល់ ក៏ត្រូវអនុវត្តវិធានសុវត្ថិភាពដូចជាការវាស់កម្ដៅ លាងដៃជាមួយអាល់កុល ជែល និងទឹកស្អាតជាមួយសាប៊ូជាដើម។

គួរដឹងថា មុនពានយុវជនផ្អាកការប្រកួតបណ្ដោះអាសន្ន ដោយសារជំងឺកូវីដ-១៩ ពានយុវជន U16 និង U18 សុទ្ធតែឈានដល់ការប្រកួតជុំទី២ តែពាន U16 បានរកឃើញក្រុមកក់កៅអីជុំទី៣ ជាបណ្ដើរៗហើយ នៅឡើយតែពាន U18 ដែលទើបប្រកួតបាន ១ប្រកួតរៀងៗខ្លួន ក្នុងចំណោមពូលទាំង៤ ដែលមានបេក្ខភាពចូលរួម ១៦ក្រុម៕