(ក្រុងឡុងដ៍)៖ បើកឆាកការប្រកួតមកវិញរបស់ក្រុមហង្សក្រហម Liverpool ដែលដឹកនាំដោយអ្នកចាត់ការទូទៅ Jurgen Klopp លេងបានត្រឹមស្មើ ០-០ ទល់នឹងម្ចាស់ផ្ទះ Everton នៅ Premier League 2019-2020 សប្តាហ៍ទី៣០ ជើងទី២ គ្រាដែលក្រុមកំពូលតារាងមួយនេះត្រូវការឈ្នះតែ ២ប្រកួតទៀតប៉ុណ្ណោះ ដើម្បីលើកពានលីគកំពូលអង់គ្លេសរដូវកាលនេះ ក្នុងចំណោម ៨ប្រកួតដែលនៅសល់ ក្រោយត្រូវបានផ្អាកដោយសារ COVID-19។

តាមការចេញផ្សាយដោយ BBC នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា ការប្រកួតបិទទ្វារកីឡដ្ឋាន ដែលស្ថិតនៅទីក្រុង London ប្រទេសអង់គ្លេស ក្រុមខ្លាំង Liverpool បានត្រឹមរកបាន ១ពិន្ទុក្នុងជំនួបយ៉ាងស្វិតស្វាញរវាងក្រុមស្ករគ្រាប់ Everton ក្នុងនោះ អ្នកចាត់ការក្រុមហង្សក្រហម លោក Klopp បានធ្វើការសរសើរទៅអ្នកចាំទីដៃទី១ Alisson Becker ដែលបានជួយសង្រ្គោះគ្រាប់បាល់ពីការព្យាយាមស៊ុតរបស់កីឡាករ Dominic Calvert Lewin និង Tom Davies នៅកីឡដ្ឋាន Goodison Park។

ក្នុងនោះ ក្រុមហង្សក្រហម Liverpool ត្រូវការឈ្នះនៅប្រកួតបន្ទាប់ទៀត ក្នុងការឈានទៅលើកពានរង្វាន់ Premier League 2019-2020 ខណៈបច្ចុប្បន្នក្រុមនេះ កំពុងស្ថិតនៅលើកំពូលតារាងមាន ៨៣ពិន្ទុគិតត្រឹមសប្តាហ៍ទី៣០ ខណៈ Everton ស្ថិតនៅលេខរៀងទី១២ រកបាន ៣៨ពិន្ទុ។ ការប្រកួតបន្ទាប់របស់ក្រុមលោក Klopp គឺត្រូវជួបក្រុមភ្ញៀវ Crystal Palace នៅសប្តាហ៍ទី៣១ និង Everton ត្រូវប៉ះម្ចាស់ផ្ទះ Norwich City នៅរាត្រីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដូចគ្នា៕