(ភ្នំពេញ)៖ តារា ចម្រៀងកញ្ញា ជុំ រចនាពេជ្រ ហៅ បេប៊ី មួយរយៈចុងក្រោយនេះ ហាក់ឡើងតម្លៃ ខ្លួនគួរឲ្យគត់សម្គាល់ បើ ប្រៀបធៀប កាល ដែល នាង ចូល សិល្បៈ ដំបូង។ ជុំ រចនាពេជ្រ ហៅ បេប៊ី បាន ចូល សិល្បៈ ក្នុង អំឡុង ចុង ឆ្នាំ២០១៣ តាម រយៈ ការ សម្ដែង និងដើរ ម៉ូដ ជា ដើម។ តារាស្រីរូបនេះ បានវិវត្តន៍ខ្លួនពីមួយដំណាក់កាលទៅមួយដំណាក់កាល រហូតបច្ចុប្បន្ននេះ បានក្លាយជាតារាចម្រៀងក្រោមទ្រនំផលិតកម្ម «ថោន» ជាមួយកុងត្រា៥ឆ្នាំ។ ពេលចូលដល់ក្នុងផលិតកម្ម ថោន នាងបញ្ជាក់ថា គ្មានបំណងប្រកួតប្រជែង ជាមួយតារាចម្រៀងណាមួយឡើយ ខណៈនាងសម្ដែងការសោកស្ដាយ ពេលតារាចម្រៀងរៀមច្បង មាស សុខសោភា ដើរចេញ។

តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ទូរទស្សន៍ Fresh News កញ្ញា បេប៊ី បានប្រាប់នូវរឿងរ៉ាវអាថ៌កំបាំងផ្ទាល់ខ្លួនជាច្រើន ដែលទស្សនិកជនមិនធ្លាប់បានដឹងទាល់តែសោះ។ ក្នុងចំណោមនេះ តារាស្រីសាច់សខ្ចី ទឹកមុខមានមន្តស្នេហ៍រូបនេះ លើកឡើងថា ពាក់ព័ន្ធនឹងការចូលក្នុងទ្រនំថោន គឺនាងចាត់ទុកថា ប្រៀបបានដូចជាគ្រួសារដ៏កក់ក្តៅ ហើយក៏គ្មានបំណងប្រកួតប្រជែងជាមួយអ្នករួមទ្រនំដែរ។ អ្វីដែលនាងផ្តោតសំខាន់ គឺការអភិវឌ្ឍន៍ខ្លួន។

ភ្លាមនោះ ពិធីករ-ពិធីការិនី ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ចោទសំណួរទៅ បេប៊ី ថា មូលហេតុអ្វីបានជាចាកចេញពី CTN និងមកចូលក្នុងទ្រនំថោន?

ឆ្លើយតបនឹងសំណួរនេះ បេប៊ី លើកឡើងថា ត្បិតជាតារាក្នុងសម័យទំនើប ត្រូវតែមានវិវត្តន៍ខ្លួនជានិច្ច។ កត្តានេះ បានធ្វើឲ្យនាងសម្រេចចិត្តដោយមិនស្ទាក់ស្ទើរថា ត្រូវតែផ្អាកធ្វើពិធីការិនីមួយរយៈធំសិន ហើយងាកមកចាប់យកវិស័យចម្រៀង និងរាំវិញម្តង។ កាលនោះបានធ្វើឲ្យនាងមានឱកាសចូលក្នុងផលិតកម្មថោន។

បេប៊ី បន្ថែមថា នាងពិតជាសប្បាយចិត្តយ៉ាងខ្លាំង ពេលចូលក្នុងទ្រនំថោន បានរួមការងារជាមួយរៀមច្បង មាស សុខសោភា ដែលនាងចាត់ទុកថាជា «រាជនីសំឡេង» ប៉ុន្តែជារឿងខកចិត្តទៅវិញ ដោយសារតែថ្មីៗនេះ មាស សុខសោភា ចាកចេញពីផលិតកម្មទៅហើយ គឺមានតែខកចិត្ត ហើយនឹងសង្ឃឹមថា ថ្ងៃណាមួយនឹងបានរួមការងារជាមួយ មាស សុខសោភា ទៀត។

និយាយដល់ចំណុចនេះ តារាស្រីពូកែរាំគ្រលែង បេប៊ី បានប្រាប់អារម្មណ៍ក្នុងចិត្តថា នាងសោកស្តាយ ចំពោះការចាកចេញរបស់ មាស សុខសោភា ដោយសារតែ កាលចូលផលិតកម្មជាលើកដំបូង មាស សុខសោភា បានផ្តល់យោបល់ល្អៗជាច្រើនមកដល់នាង ពីការហាត់ច្រៀងរហូតមក។

យ៉ាងណាមិញ ក្រៅពីការងារសិល្បៈ ងាកមកជីវិតឯកជន ជាពិសេសរឿងស្នេហាវិញ ត្រូវបាន បេប៊ី បង្ហើបថា នាងធ្លាប់ខូចចិត្តម្តងហើយ ចំពោះរឿងស្នេហា។ បន្ទាប់ពីបានបែកបាក់គ្នា ប្រហែលជាង៤ឆ្នាំ បច្ចុប្បន្នស្រីស្អាត បេប៊ី មានជម្រើសច្រើន ពោលមានអ្នកចាប់អារម្មណ៍ ចង់ចងស្ពានមានមេត្រី តែនាងមិនទាន់គិតទេ ព្រោះតែចង់ពង្រឹងការងារសិល្បៈជាមុនសិន៕