(ប៉ារីស)៖ ពហុកីឡដ្ឋាន នៅក្នុងប្រទេសបារាំង នឹងបើកឡើងវិញ ឲ្យអ្នកគាំទ្រចូលរួមទស្សនា ចាប់ពីថ្ងៃទី១១ ខែកក្កដាខាងមុខនេះ ខណៈប្រទេសកំពុងបន្តដកវិធានការ ដែលបានដាក់ដើម្បីទប់ស្កាត់ ការរីករាលដាល នៃជំងឺ COVID-19, នេះបើតាមការឲ្យដឹងពីរដ្ឋាភិបាល ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២០ ខែមិថុនានេះ។

រដ្ឋាភិបាលបារាំង បានឲ្យដឹងថា ​អ្នកគាំទ្រច្រើនបំផុត៥,០០០នាក់ នឹងត្រូវបានអនុញ្ញាត ឲ្យចូលក្នុងពហុកីឡដ្ឋាន។

ការប្រកួតវគ្គបញ្ចប់ ពានរង្វាន់ ​French Cup និង League Cup ឥឡូវនេះ អាចប្រកួត ដោយមានអ្នកទស្សនា និងអ្នកគាំទ្រ ចូលរួមទស្សនាក្រុមរបស់ពួកគេ។

​គួរបញ្ជាក់ថា លីគបាល់ទាត់ Premier League របស់អង់គ្លេស, លីគ La Liga របស់អេស្ប៉ាញ និងលីគ Bundesliga របស់អាល្លឺម៉ង់ បានចាប់ផ្តើមឡើងវិញ នៅក្នុងខែនេះ ហើយលីគបាល់ទាត់សេរី A របស់អ៊ីតាល ក៏​​ចាប់ផ្តើមឡើងវិញ នៅថ្ងៃសៅរ៍នេះផងដែរ៕