(ភ្នំពេញ)៖ ដោយរសារតែស្ថានភាពជំងឺ Covid-19 នៅក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោក នៅតែជាក្ដីបារម្ភ​ធំសម្រាប់ថ្នាក់ដឹក​នាំ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទៅនោះ តារាសម្ដែង កញ្ញា ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស បានបន្តចែកជែលលាងសម្អាតដៃ ប្រមាណ១០០០ដបបន្ថែមទៀត ដល់បងប្អូនអ្នកដំណើរទូទៅ បងៗសមត្ថកិច្ច​នៅក្នុងរាជធានីភ្នំពេញ អមដោយសារអប់រំជាច្រើន ស្ដីពីការការពារជំងឺដ៏កាចសាហាវនេះ។

តារាសម្ដែងសិចស៊ី កញ្ញា រ៉ូស បានថ្លែងប្រាប់ Fresh News Plus ពីកន្លែងចែកជែលនាល្ងាចនេះ មកថា ​រូបនាង និងក្រុមការងារ បាន​នឹងកំពុងបន្តចែកជែលលាងសម្អាតដៃចំនួន១០០០ដប ដោយមិនគិតថ្លៃ ជូនដល់បងប្អូន ដើម្បីលាងដៃ និងឲ្យមានអនាម័យ នៅតាមដងផ្លូវសាធារណៈ ក្នុងរាជធានីភ្នំពេញ។

តារាសម្ដែងមានរាងតូចច្រឡឹង កញ្ញា រ៉ូស បានប្រាប់បន្តថា កាចែកជែលលាងសម្អាតដៃសម្រាប់ការពារខ្លួន ពីការឆ្លងនៃជំងឺ Covid-19 នៅពេលនេះ គឺជំហានដំបូង នាងចែកជូនដល់បងប្អូន នៅតំបន់មុខព្រះបរមរាជវាំង ដែលជាទីតាំងមានមនុស្សច្រើន មកកំ​សាន្តលេងសប្បាយ នៅថ្ងៃចុងសប្ដាហ៍នេះ។ ដោយឡែកនៅថ្ងៃចន្ទ ទី២២ ខែមិថុនានេះ តារាសម្ដែង រ៉ូស នឹងនាំយកជែលទៅ​ឧបត្ថម្ភដល់លោកស្នងការ នគរបាលរាជធានីភ្នំពេញ ចំនួន២៥០ដប និងលោកអភិបាលខណ្ឌពោធិសែនជ័យ ចំនួ​ន២៥០ ផងដែរ។

«ច៎ាបង..ពេលនេះខ្ញុំចែកនៅមុខវាំង ហើយថ្ងៃចន្ទខ្ញុំយកជូនលោកស្នងការ និងលោកអភិបាលខណ្ឌពោធិសែនជ័យ ដើម្បីជូនដល់បងៗសមត្ថកិច្ច..!។ ពេលចែកជែលលាងសម្អាតដៃ ខ្ញុំបាន​ប្រាប់ពីសារអប់រំ ការអនាម័យលើខ្លួនប្រាណ ការការពារកុំឲ្យឆ្លងពីវីរុសនានា ជាពិសេសជំងឺកូវីដ១៩ ដែលអាចតាតត្បាតម្ដងទៀត បើបងប្អូនមានការធ្វេសប្រហែស មិនបានការពារខ្លួន តាមការណែនាំរបស់ក្រសួងសុខាភិបាល និងពីការក្រើនរំឭក របស់ថ្នាក់ដឹកនាំកំពូលរបស់ប្រទេស..!​។ ​ខ្ញុំធ្វើនេះចេញពី​ចិត្តពិតៗ ខ្មែរស្រឡាញ់ខ្មែរ ហើយខ្ញុំក៏សូមអរគុណ​ដល់បងស្រី ឈាង ចន្ទ័ណារី ​ម្ចាស់ក្រុមហ៊ុន អេឡេនណា ខសមេធីក ខូ​អិល​ធី​ឌី ដែលបានជួយ​ជាជែលលាងដៃ សម្លាប់មេរោគដល់នាងខ្ញុំ»។​ តារាសម្ដែងកញ្ញា រ៉ូស បញ្ជាក់បន្ថែម។

ជាការកត់​សម្គាល់ ចាប់តាំងពីផ្ទុះករណីនៃជំងឺ Covid-19 ​នៅក្នុងប្រទេសកម្ពុជាមក គេសង្កេតឃើញមានសិល្បករ-សិល្បការិនីជាច្រើន បានចូលរួមយ៉ាងសស្រាក់សស្រាំ ទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ដោយអ្នកខ្លះបានបរិច្ចាគធនធាន ចូលរួមជាមួយនឹងរាជរដ្ឋាភិបាល និងអ្នកខ្លះទៀតចូលរួមតាមរយៈសកម្មភាពនានា តាមអ្វីដែលខ្លួនអាចធ្វើបាន។

សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តអំពាវនាវ​ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្ដអនុវត្ដ​សេចក្ដីណែនាំក្រសួងសុខាភិបាល ឲ្យបានម៉ឺងម៉ាត់ ធ្វើយ៉ាងណាទប់ស្កាត់ កុំឲ្យមានការឆ្លងរីករាលដាលជាថ្មី ដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស​ នៅគ្រប់ទីកន្លែងទាំងអស់ ជាពិសេសកុមារ​​ និងកុមាររស់នៅក្នុងគ្រួសារក្រីក្រ​។ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវខិតខំប្រឹងប្រែងរកលទ្ធភាព ក្នុងការធ្វើយ៉ាងណា ឲ្យមានគ្រប់រូបភាព នៅគ្រប់កន្លែងទាំងអស់​ ទទួលបានសេវាអប់រំ អនាម័យ​ស្មើៗគ្នា នៅក្នុងកំឡុងពេលមានការ​រាតត្បាត នៃជំងឺកូរីដ១៩នេះ៕​