(ពិភពលោក)៖ គ្រប់គ្នាច្បាស់ជាយល់ច្រឡំថា ភ្នំដែលមានកម្ពស់់ខ្ពស់ជាងគេនៅលើពិភពលោក គឺភ្នំអេវើរ៉េស (everest) ដែលចំទើតនៅលើជួរភ្នំហិមាល័យ (ពីបុរាណគេហៅ ភ្នំហេមពាន) នោះហើយ ប៉ុន្តែតាមការស្រាវជ្រាវនាពេលក្រោយទៀតបានបង្ហាញថា ភ្នំដែលមានកម្ពស់ខ្ពស់ជាងគេលើភពផែនដីយើងនេះ មិនមែនភ្នំអេវឺរ៉េសនោះឡើយ។

ស្ថិតនៅលើកោះហាវ៉ៃ សហរដ្ឋអាមេរិក ភ្នំម៉ូណាគា (Mauna Kea) ត្រូវបានគេចាត់ទុកថាជាភ្នំដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក។ វាមានកម្ពស់ពីនីវ៉ូទឹកសមុទ្រត្រឹមតែ ៤,២០៦ ម៉ែត្រ ប៉ុន្តែប្រសិនបើវាស់ពីជើងភ្នំដែលនៅជាប់បាតសមុទ្រនោះវិញ គឺមានកម្ពស់រហូតដល់ ១០,២០០ ម៉ែត្រ ខណៈភ្នំអេវើរ៉េសមានកម្ពស់ត្រឹមតែ ៨,៨៤៨ ម៉ែត្រប៉ុណ្ណោះ ពោលគឺភ្នំម៉ូណាគាមានកម្ពស់ខ្ពស់ជាងភ្នំអេវើរ៉េសដល់ទៅ ១,២០០ ម៉ែត្រ។ នេះបើតាមឯកសាររបស់អ្នកស្រាវជ្រាវ។

ប្រសិនបើគេនិយាយពីភាពខ្ពស់បំផុត គឺសំដៅលើការវាស់វែងចាប់ពីនីវ៉ូទឹកសមុទ្រទៅដល់កំពូលភ្នំ ប៉ុន្តែបើគេនិយាយពីភ្នំដែលមានកម្ពស់ខ្ពស់ជាងគេ គឺសំដៅលើការវាស់វែងចាប់ពីជើងភ្នំដល់កំពូលភ្នំ ទោះបីជាជើងភ្នំនៅក្រោមនីវ៉ូទឹកសមុទ្រក៏ដោយ។ យ៉ាងណាមិញ ការស្វែងរកជើងភ្នំនៅក្នុងបាតសមុទ្រ គឺជាការងារដ៏ស្មុគស្មាញសម្រាប់អ្នកវិទ្យាសាស្ត្រ ដែលមិនងាយដូចការស្វែងរកកំពូលភ្នំនោះឡើយ។

* ភ្នំម៉ូណាគាបំភ័យពិភពលោក

យោងតាមឯកសារបានឱ្យដឹងថា ភ្នំម៉ូណាគា ធ្លាប់ជាភ្នំភ្លើងដែលផ្ទុះឆេះយ៉ាងសន្ធោសន្ធៅកាលពីអតីតកាលរាប់លានឆ្នាំមកហើយ ក្រោយមកក៏រលត់ស្ងប់ទៅវិញ និងបង្កើតបានជាខ្សែក្រវាត់កោះជាច្រើននៅកណ្ដាលមហាសមុទ្រប៉ាស៉ីហ្វិក ដូចជាកោះហាវ៉ៃនេះជាដើម។

អ្នកវិទ្យាសាស្ត្របានស្រាវជ្រាវឃើញថា ប្រសិនបើមានចលនាកញ្ជ្រោលក្រោមបាតសមុទ្រនៅតំបន់នោះ ភ្នំម៉ូណាគាអាចនឹងបង្កឱ្យមានភ្នំភ្លើងផ្ទុះសារឡើងវិញ។ ប្រការនេះបង្ហាញថា ម៉ូណាគា មិនតែត្រឹមតែជាភ្នំដែលមានកម្ពស់ខ្ពស់ជាងគេប៉ុណ្ណោះទេ ថែមទាំងជាភ្នំដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ផែនដីទៀតដែរ ពីព្រោះស្រទាប់ផែនដីនៅតំបន់នោះ គឺមានសភាពស្ដើងមែនទែន។

* ភាពស្មុគស្មាញក្នុងការកំណត់កម្ពស់ភ្នំនៅលើផែនដី

ឯកសារខាងលើថែមទាំងបានបញ្ជាក់ទៀតថា អ្នកខ្លះបានប្រកែកថា ភ្នំឃិល្លីម៉ាន់ចារ៉ូ (Kilimanjaro) នៅប្រទេសតង់ហ្សានី (Tanzania) ជាភ្នំដែលមានកម្ពស់ខ្ពស់ជាងគេ ព្រោះវាមានកម្ពស់ដល់ទៅ ៥,៨៩៥ ម៉ែត្រ ព្រោះវាស្ថិតនៅចំកណ្ដាលវាលទំនាបនៃទ្វីបអាហ្វ្រិក។ ចំណែកឯភ្នំអេវើរ៉េសវិញ គ្រាន់តែជាកំពូលភ្នំមួយក្នុងចំណោមកំពូលភ្នំជាច្រើន ដែលផុសចេញពីជួរភ្នំហិមាល័យដ៏ធំមហិមា។

ពេលខ្លះ មានអ្នកអះអាងទៀតថា វិធីដ៏សមហេតុសមផលបំផុតក្នុងការកំណត់កម្ពស់ភ្នំ គឺការវាស់រយៈចម្ងាយពីកំពូលភ្នំទៅដល់ចំណុចស្នូលផែនដី។ ប៉ុន្តែដោយសារតែរាងរបស់ផែនដីជារាងពងក្រពើ ដូច្នេះប្រវែងពីសំបកផែនដីត្រង់តំបន់ប៉ូលទៅកាន់ចំណុចស្នូលផែនដីមានប្រវែង ២១ គីឡូម៉ែត្រ។ ប្រសិនបើដូច្នេះមែន ភ្នំទាំងឡាយដែលមានទីតាំងនៅលើខ្សែអេក្វាទ័រក៏នឹងក្លាយជាភ្នំខ្ពស់ជាងគេអស់ទៅហើយ ហើយប្រសិនបើវាស់បូកថែម ២១ គីឡូម៉ែត្រទៀតមែន នោះសូម្បីតែឆ្នេរសមុទ្រនៅប្រទេសតាមបណ្ដោយខ្សែអេក្វាទ័រ នឹងត្រូវចាត់ទុកថាជាចំណុចដែលខ្ពស់់ជាងជួរភ្នំហិមាល័យជាក់ជាមិនខាន។

សរុបមកប្រសិនបើគេនិយាយពី «ភ្នំខ្ពស់បំផុត» គឺជា «ភ្នំអេវើរ៉េស» ប៉ុន្តែបើគេនិយាយពី «ភ្នំដែលមានកម្ពស់ខ្ពស់ជាងគេ» គឺជា «ភ្នំម៉ូណាគា» ទៅវិញទេ៕