(កូរ៉េ)៖ អ្នកតំណាងមកពីក្រុមហ៊ុន K-POP ល្បីៗចំនួន០៨ បានបង្ហាញក្តីព្រួយបារម្ភរបស់ពួកគេ ក្រោយពីសកម្មភាពសិល្បៈ និង ការប្រគំតន្រ្តីត្រូវបានផ្អាកមួយរយៈធំ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។ ទន្ទឹមគ្នានេះ ពួកគេបានស្នើសុំរដ្ឋាភិបាលកូរ៉េខាងត្បូង ឲ្យចេញគោលការណ៍ណែនាំថ្មីមួយ សម្រាប់រៀបចំការប្រគំតន្ត្រីនៅថ្ងៃខាងមុខ ពេលស្ថានភាពនៃជំងឺកូវីដ១៩ ថមថយ។ នេះបើតាមការដកស្រង់ ការចេញផ្សាយពីសារព័ត៌មាន allkpop នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០។

ជាការកត់សម្គាល់ នៅថ្ងៃទី១៩ ខែមិថុនា ក្រសួងវប្បធម៌ និងកីឡាររបស់កូរ៉េខាងត្បូង បានបើកកិច្ចប្រជុំមួយ ជាមួយនឹងក្រុមហ៊ុន K-POP ចំនួន០៨ ក្នុងនោះរួមមានអ្នកតំណាង មកពីផលិតកម្ម SM, Big Hit, YG, និងផលិតកម្ម JYP ដើម្បីពិភាក្សាគ្នា អំពីគោលការណ៍ថ្មី សម្រាប់ការប្រគំតន្ត្រីនៅថ្ងៃអនាគត ក្នុងស្ថានភាពជំងឺរីករាលដាល បានស្ងប់ស្ងាត់។

លោក Kim Hyun Hwan មកពីក្រសួងវប្បធម៌ និងកីឡា បាននិយាយថា ពួកគេកំពុងពិនិត្យមើលថា តើការប្រគំតន្រ្តីក្រៅប្រព័ន្ធ អាចនឹងធ្វើទៅបានទេ នៅក្នុងតំបន់តូចៗមួយចំនួន។ ពួកគេកំពុងពិនិត្យមើលពីគម្រោង ប្រគំតន្រ្តីក្នុងទីក្រុងចំនួន៤ ហើយវាអាចនឹងកំណត់ទៅបាន អាស្រ័យលើស្ថានភាពកូវីដ១៩ និងការពិភាក្សាជាមួយមន្ត្រីសុខាភិបាល។

លោក Kim Hyun Hwan បន្ថែមថា ផលិតកម្មតូចនិងមធ្យម គឺមានភាពលំបាកក្នុងការៀបចំការប្រគំតន្រ្តីតាមអនឡាញ ដូច្នេះខាងក្រសួងកំពុងស្វែងរកវិធីសាស្ត្រ ដើម្បីឲ្យផលិតកម្មទាំងនោះ អាចរៀបចំការប្រគំតន្ត្រី តាមអនឡាញបាន។ ជាឧទាហរណ៍ ផលិតកម្មដែលជោគជ័យ ក្នុងការប្រគំតន្រ្តីអនឡាញកន្លងទៅ មានដូចជាផលិតកម្ម SM Entertainment តាមរយៈកម្មវិធី «Beyond Live», ផលិតកម្ម Big Hit Entertainment តាមរយៈកម្មវិធី «Bang Bang Con» ហើយជោគជ័យរបស់ផលិតកម្មទាំងពីរខាងលើ គឺមានអ្នកចូលទស្សនារាប់ពាន់នាក់ឯណោះ៕