(តូក្យូ)៖ រដូវកាលប្រកួតកីឡាបេស្បល (Baseball) កម្រិតអាជីពរបស់ជប៉ុន បានចាប់ផ្តើមឡើងវិញ ដោយបិទទ្វារ (មិនអនុញ្ញាតឲ្យអ្នកគាំទ្រចូលរួម) នាថ្ងៃសុក្រ ទី១៩ ខែមិថុនានេះ បន្ទាប់ពីខកខានរយៈពេល៣ខែ បន្ទាប់ពីពេលចាប់ផ្តើមដែលបានគ្រោងទុក នៅពេលដែលប្រទេសនេះ ចាប់ផ្តើមបន្ធូរបន្ថយវិធានការប្រឆាំងនឹងមេរោគឆ្លង COVID-19 របស់ជាបន្តបន្ទាប់។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនាយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ។

ក្រុមកីឡាបេស្បលអាជីពចំនួន ១២ក្រុម ត្រូវបានបែកចែកជា២លីគដែលគ្រោងនឹងប្រកួត៦កម្មវិធីនៅទូទាំងប្រទេស ដោយនេះគឺជាប្រភេទ កីឡាចម្បងគេលើកដំបូង នៅក្នុងប្រទេសជប៉ុន ដែលបានវិលត្រឡប់សកម្មភាពឡើងវិញ ចាប់តាំងពីការរីករាលដាល នៃមេរោគ COVID-19។

ក្នុងនោះផងដែរ លីគបាល់ទាត់កំពូល J-league នៅជប៉ុន នឹងចាប់ផ្តើមឡើងវិញ នៅថ្ងៃទី៤ ខែកក្កដាខាងមុខ បន្ទាប់ពីរដូវកាលប្រកួត បានផ្អាក កាលពីខែកុម្ភៈ។

មន្ត្រីកំពូលបេស្បលជប៉ុន លោក Atsushi Saito បានឲ្យដឹងថា បញ្ហាសុវត្ថិភាព នៅតែជាការព្រួយបារម្ភចម្បងរបស់លោក ប៉ុន្តែលោកប្តេជ្ញាថា នឹងនាំឲ្យក្រុមអ្នកគាំទ្រ វិលត្រឡប់ចូលទីលានប្រកួតវិញ នៅថ្ងៃអនាគត។

គួរបញ្ជាក់ថា ករណីឆ្លងវីរ៉ុស COVID-19 នៅជប៉ុន មាន១៧,៧៤០ករណី ក្នុងនោះ១៦,០០៨ករណី បានជាសះស្បើយ និង៩៣៥ករណីបានស្លាប់៕