(ម៉ាទ្រីឌ)៖ កីឡាករបាល់ទាត់ដ៏ឆ្នើមរបស់ប្រេស៊ីល Ronaldo បានរិះគន់លើការវិលត្រឡប់មកវិញ នៃការប្រកួតបាល់ទាត់ នៅក្នុងប្រទេសដើមកំណើតរបស់ខ្លួនដោយសារ ប្រទេសមួយនេះ មានការរីករាលដាលធំជាងគេបំផុត នៃជំងឺ COVID-19 នៅតំបន់អាមេរិកឡាទីន, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី១៩ ខែមិថុនានេះ។

ការផ្អាករយៈពេល៣ខែ នៃការប្រកួតបាល់ទាត់ នៅក្នុងប្រទេសប្រេស៊ីល បានបញ្ចប់នៅថ្ងៃព្រហស្បត្តិ៍ នៅពេលដែលក្រុមបាល់ទាត់ Flamengo បានប្រកួតជាមួយក្រុម Bangu ក្នុងក្របខណ្ឌពាន់រង្វាន់ជើងឯក Carioca នៅពហុកីឡដ្ឋាន Maracana ទីក្រុង Rio de Janeiro។

«ខ្ញុំប្រឆាំងនឹងការវិលត្រឡប់មកវិញ នៃការប្រកួតបាល់ទាត់ Carioca និងបាល់ទាត់របស់ប្រេស៊ីល ដែលធ្វើឡើងនៅក្នុងស្ថានភាព នាពេលបច្ចុប្បន្ននេះ, ប្រេស៊ីល កំពុងយកលំនាំតាមបណ្តាប្រទេសមួយចំនួន នៅទ្វីបអឺរ៉ុប ប៉ុន្តែមិនបានយកបញ្ហាជំងឺរីករាលដាល មកពិចារណា» នេះបើតាមសម្តីកីឡាករ Ronaldo បានប្រាប់ឲ្យដឹង ក្នុងព្រឹត្តិការណ៍មួយ នៅទីក្រុង Madrid ប្រទេសអេស្ប៉ាញ។

ប្រេស៊ីល មានករណីឆ្លងវីរ៉ុស COVID-19 ជាង៩៨៣,០០០ករណី ក្នុងនោះជាង៤៧,០០០ករណីបានស្លាប់។

កីឡាករ Ronaldo ដែលជាម្ចាស់ក្លិបបាល់ទាត់ Real Valladolid ជាក្លិបលំដាប់កំពូលនៅអេស្ប៉ាញរូបនេះ បានប្រាប់ឲ្យដឹងថា បណ្តាប្រទេស នៅតំបន់អឺរ៉ុប ទើបតែចាប់ផ្តើមការប្រកួតបាល់ទាត់ កាលពីសប្តាហ៍មុន បន្ទាប់ពីករណីឆ្លងថ្មី និងចំនួនអ្នកស្លាប់ ដោយសារជំងឺ COVID-19 មានការធ្លាក់ចុះ៕