(ភ្នំពេញ)៖ ដោយសារតែវិបត្តិកូវីដ១៩ បានធ្វើឲ្យមនុស្សម្នាជាច្រើនជួបបញ្ហាសេដ្ឋកិច្ចគ្រួសារ ក្នុងចំណោមនោះ មានសិល្បករ-សិល្បការិនី មិនតិចនោះទេ បានបង្វែរមករកស៊ីមុខរបរនានា តបតាមតម្រូវការបច្ចុប្បន្ន ដើម្បីទ្រទ្រង់ជីវភាព ត្បិតកម្មវិធីសិល្បៈ ដែលមានការជួបជុំមនុស្សច្រើន ត្រូវបានផ្អាកស្ទើរតែទាំងស្រុង។ យ៉ាងណាមិញ ងាកមកតារាចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ វិញ ស្រាប់តែប្រកាសលក់ផ្ទះ ដល់ទៅ៤កន្លែងក្នុងពេលតែមួយ ដែលធ្វើឲ្យគ្រប់គ្នាយល់ថា ប្រហែលជាលោកមានវិបត្តិសេដ្ឋកិច្ចគ្រួសារធ្ងន់ធ្ងរហើយមើលទៅ ក្រោយពីជំងឺកូវីដ១៩ វាយលុកមកកាន់ប្រទេសកម្ពុជា។

ជុំវិញរឿងរ៉ាវប្រកាសលក់ផ្ទះ ​មានតម្លៃសរុបជិត១លានដុល្លារ ក្រោយជំងឺ Covid-19 ផ្ទុះឡើងជាសកល និងប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចលើពិភពលោក ព្រមទាំងកម្ពុជាផងនេះ ត្រូវបានតារាចម្រៀងប្រុស សំឡេងផ្អែម សុគន្ធ ថេរ៉ាយុ បញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News Plus នៅល្ងាច ថ្ងៃទី១៩ ខែមិថុនា នេះថា លោកពិតជាបានប្រកាសលក់ផ្ទះចំនួន៤កន្លែងនោះមែន តែក្នុងចំណោមផ្ទះទាំង៤ទីតាំងនេះ គឺមានតែមួយទីតាំងប៉ុណ្ណោះ ជាកម្មសិទ្ធរបស់លោកផ្ទាល់។

លោក សុគន្ធ ថេរ៉ាយុ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News Plus ថា «តាមពិតទៅផ្ទះដែលខ្ញុំប្រកាសលក់ តាមបណ្តាញសង្គមចំនួន៤ទីតាំង ស្របពេលតែមួយនោះ គឺមានតែមួយទីតាំងប៉ុណ្ណោះ ជារបស់ខ្ញុំគឺផ្ទះលេខរៀងទី១ មានទាំងតាំងនៅ វីឡាភ្លោះបុរីពិភពថ្មី សំរោងអណ្តែត១ ដែលមានតម្លៃ ២៣០,០០០ ដុល្លារអាមេរិក។ ហើយសម្រាប់ទីតាំង៣ ផ្សេងទៀត គឺជារបស់បងប្អូនខ្ញុំតែប៉ុណ្ណោះ»

នៅពេលមានសំណួរថា តើការឈានដល់ប្រកាសលក់ផ្ទះបែបនេះលោក សុគន្ធ ថេរ៉ាយុ ជួបប្រទះនូវវិបត្តិសេដ្ឋកិច្ចគ្រួសារ ព្រោះតែ វិបត្តិជំងឺ Covid-19 ផ្ទុះឡើងឬយ៉ាងណា?

តារាចម្រៀង សុគន្ធ ថេរ៉ាយុ បានឆ្លើយតបវិញថា មិនមែនព្រោះតែស្ថានភាពជំងឺកូវីដ១៩ ធ្វើឲ្យលោកសម្រេចចិត្តលក់ផ្ទះនោះទេ មូលហេតុនោះ គឺដោយសារតែលោកចង់ផ្លាស់ប្តូរទីតាំង ពីម្តុំវត្តសំរោងអណ្តែត ទៅរស់នៅម្តុំជ្រោយចង្វារវិញ។ លោកថា គោលបំណងនៃការផ្លាស់ប្តូរទីតាំងបែបនេះ ដោយសារតែលោកយល់ថា នៅម្តុំជ្រោយចង្វារ គឺ​មានភាពងាយស្រួលក្នុងការធ្វើអាជីវកម្ម ប្រកបរបររកស៊ីផ្សេងៗ។ ប៉ុន្តែដោយសារទីតាំងនៅទីនោះ មានតម្លៃថ្លៃ ទើបបង្ខំឲ្យលោកប្រកាសលក់ផ្ទះ នៅម្តុំវត្តមសំរោងអណ្តែង ដើម្បីបង្ក្រប់លុយ ទិញនៅម្ដុំជ្រោយចង្វារវិញ។

យ៉ាងណាមិញ សម្រាប់ការឆ្លើយតបនេះ លោក សុគន្ធ ថេរ៉ាយុ មិនទាន់បង្ហើបនោះទេថា នឹងបង្កើតជំនួញអ្វីបន្ថែមទៀត​ ខណៈបច្ចុប្បន្នក្រៅពីមានអាជីពជាតារាចម្រៀងល្បីឈ្មោះ លោកក៏មានតួនាទីមើលការខុសត្រូវហាងលក់ផ្កា ដែលជាហាងរបស់ម្តាយឪពុក និងក្លិបកំសាន្ត ព្រមទាំង មុខជំនួញផ្សេងទៀតផងដែរ៕