(អង់គ្លេស)៖ កំពូលតារាសម្តែងល្បីឈ្មោះរបស់អាមេរិក គឺ Kristen Stewart ដែលកំពុងមានប្រជាប្រិយភាពនាពេលបច្ចុប្បន្ន នឹងចូលរួមសម្តែងក្នុងភាពយន្តថ្មីមួយ និយាយពីការបែកបាក់រវាងព្រះនាង ដាយអាណា (Diana) ជាមួយព្រះអង្គម្ចាស់ឆាល (Charles) ដែលជាព្រះរាជបុត្រច្បងរបស់ម្ចាស់ក្សត្រិយ៍ អេលីហ្សាប៊ែតទី២ និងជារាជទាយាទចក្រភពអង់គ្លេស។ នេះបើយោងតាមការដកស្រង់ ការចេញផ្សាយពីសារព័ត៌មាន Sky News នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០។

តារាសម្តែងស្រី Kristen Stewart ត្រូវបានជ្រើសរើសឲ្យសម្តែងជាតួអង្គ ម្ចាស់ក្សត្រី ដាយអាណា ក្នុងខ្សែភាពយន្តថ្មី មានចំណងជើងថា «Spencer» ដែលនេះ ជាឈ្មោះដើមរបស់ម្ចាស់ក្សត្រី ដាយអាណា។ ភាពយន្តនេះ ​នឹងចងក្រងឯកសាររយៈពេល៣ថ្ងៃ ដែលកើតឡើងនៅដើមសតវត្សឆ្នាំ ១៩៩០ នៅពេលដែលម្ចាស់ក្សត្រី ដាយអាណា ស្នាក់នៅក្នុងផ្ទះ Queens Sandringham ក្នុងតំបន់ Norfolk ប្រទេសអង់គ្លេស។ វាជាពេលវេលាសម្រាក សម្រាប់ថ្ងៃបុណ្យណូអែលជាលើកចុងក្រោយ ដែលម្ចាស់ក្សត្រី ដាយអាណា ចំណាយជាមួយគ្រួសាររាជវង្ស។

ខ្សែភាពយន្តឯករាជ្យនេះ ដឹកនាំសម្តែង និង​ផលិតដោយ លោក Pablo Larrain ដែលលោកត្រូវបានតែងតាំងជាអ្នកផលិតភាពយន្ត ជនជាតិឈីលី ក្នុងកម្មវិធី អូស្កា។ នេះបើយោងតាមគេហទំព័រកំសាន្តហូលីវូត Deadline។

បន្ថែមពីនេះ សម្រាប់សាច់រឿង គឺត្រូវបានសរសេរដោយអ្នកដឹកនាំរឿង ជនជាតិអង់គ្លេស លោក Steven Knight។ អ្នកដឹកនាំរឿងរូបនេះ ចាប់អារម្មណ៍ខ្លាំងទៅលើឆាកជីវិតផ្ទាល់ខ្លួន ដ៏អស្ចារ្យរបស់ព្រះនាង ដាយអាណា ជាពិសេសគឺក្រោយពេលព្រះនាងបានលែងលះ ជាមួយព្រះអង្គម្ចាស់ Charles៕