(កូរ៉េ)៖ តារាងតន្រ្តីរបស់ជប៉ុន «Oricon Charts» បានប្រកាសថា ក្រុមចម្រៀង K-POP បុរស BTS បានឈានដល់ចំណាត់ថ្នាក់កំពូល នៃការលក់អាល់ប៊ុមបានច្រើនបំផុត ប្រចាំឆមាសទី១ នាពាក់កណ្តាលឆ្នាំ២០២០នេះ។

បើយោងតាម «Oricon Charts» បានបង្ហាញថា អាល់ប៊ុមចុងក្រោយរបស់ក្រុម BTS ចំណងជើងថា «Map of the Soul:7» បានហក់ដល់លេខរៀងទី១ លើតារាងចម្រៀងនៅជប៉ុន សម្រាប់ឆមាសទី១ នៃឆ្នាំ២០២០នេះ បន្ទាប់ពីលក់បានរហូតដល់ទៅ ៤២៩,០០០ copies ។ កន្លងទៅអាល់ប៊ុម «Map of the Soul:7» ក៏ឈានដល់ចំណុចកំពូលលើ «Oricon Charts» ប្រចាំថ្ងៃ, ប្រចាំខែ និងប្រចាំឆ្នាំផងដែរ ចាប់តាំងពីអាល់ប៊ុមនេះ ត្រូវបានបញ្ចេញកាលពីខែកុម្ភៈ។

ទោះជាយ៉ាងណាក៏ដោយ វាមិនត្រឹមតែជាសមិទ្ធផលថ្មីរបស់ក្រុម K-POP បុរស BTS នោះទេ តែនេះអាចនិយាយបានថា ជាការបំបែកកំណត់ត្រាថ្មីមួយ សម្រាប់សិល្បករបរទេស ដែលលក់អាល់ប៊ុមបានច្រើន ក្នុងតារាងចម្រៀងនៅជប៉ុន​ ពោលគឺ​ជាលើកទី១ហើយ ចាប់តាំងពី៣៦ឆ្នាំមុន ដែលមានសិល្បករបរទេស អាចឈានដល់ចំណុចកំពូល នៃការលក់អាល់ប៊ុមបានច្រើនក្នុងឆមាសទី១ នៅជប៉ុន គឺស្នាដៃរបស់កំពូលតារាចម្រៀងអាមេរិក Michael Jackson ចំណងជើងថា «Thriller» ដែលបានហក់ដល់ចំណាត់ថ្នាក់លេខ១ នៅឆ្នាំ១៩៨៤៕