(ក្រុងឡុងដ៍)៖ Harry Kane ដែលត្រូវបានគេស្គាល់ថា ជាកីឡាករខ្សែប្រយុទ្ធជួរមុខរបស់អង់គ្លេសនោះ បានត្រៀមលក្ខណៈសម្បតិ្តរួចរាល់ហើយក្នុងការជួយក្លិប Tottenham Hotspur ប្រកួតទល់នឹងក្រុមបិសាចក្រហម Manchester United នៅ Premier League ស្អែកនេះ។

ថ្លែងក្នុងសន្និសីទព័ត៌មានមុនការប្រកួតមកដល់នៅរាត្រីនេះ លោក Jose Mourinho អ្នកចាត់ការទូទៅក្លិប Spurs បានឲ្យដឹងថា «Kane នឹងបង្ហាញខ្លួនវិញក្នុងជំនួបដ៏សំខាន់នេះទល់នឹង Man Utd ក្រោយអវត្តមានជិត ៦ខែមកនេះ ដោយសារបញ្ហារបួស និងជំងឺ Covid-19 បានរីករាលដាលទូទាំងសកលលោក។ គាត់បានកំពុងហ្វឹកហាត់ទៅដោយរលូន ដែលខ្ញុំអាចនិយាយបានថា គ្មានបញ្ហាអ្វីកើតឡើងទេ ពោលគឺអាចលេងពេញម៉ោង ៩០នាទី»

មួយវិញ បុរសវ័យ ៥៥ឆ្នាំសញ្ជាតិព័រទុយហ្គាល់ Jose Mourinho ដែលធ្លាប់ដឹកនាំ Manchester United បាន ២រដូវកាលផងនោះ ក៏បានបញ្ជាក់ពីវត្តមានរបស់កីឡាករ Son Heung-min និង Moussa Sissoko ថាអាចចូលទីលានវិញផងដែរ ក្រោយជាសះស្បើយពីបញ្ហារបួស។

គួររំលឹកផងថា Spurs បានចាញ់ Manchester United នៅទឹកដី Old Trafford ក្នុងលទ្ធផល ២-១ កាលឆ្នាំ២០១៩ ជើងទី១ នៅ Premier League ដោយបច្ចុប្បន្នក្រុមមាន់ខ្នាយមាស កំពុងឈរនៅលេខរៀងទី៨ មាន ៤១ពិន្ទុ និងបិសាចក្រហម ឈរនៅលេខ៥ មាន ៤៥ពិន្ទុដោយឆ្លងកាត់ ២៩ប្រកួតដូចគ្នា៕