(បរទេស)៖ តារាចម្រៀងជើងចាស់របស់អង់គ្លេស ម្ចាស់បទ «We’ll Meet Again» គឺលោកស្រី Deme Vera Lynn បានទទួលមរណភាពក្នុងវ័យ ១០៣ឆ្នាំ។ បើតាមការបញ្ជាក់ពីក្រុមគ្រួសារ, លោកស្រី Deme Vera Lynn បានទទួលមរណភាព នៅព្រឹកថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមការដកស្រង់ការចេញផ្សាយ ពីសារព័ត៌មាន Sky News នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។

បើតាមសេចក្តីប្រកាស ពីក្រុមគ្រួសារលោកស្រី Deme Vera Lynn បានឲ្យដឹងថា «ក្រុមគ្រួសារយើងមានដំណឹងដ៏សោកសៅមួយ ប្រាប់ទៅដល់អ្នកទាំងអស់គ្នា ពីការទទួលមរណភាពរបស់សិល្បករ ជាទីស្រឡាញ់ជនជាតិអង់គ្លេស Deme Vera Lynn ដោយបានស្លាប់ក្នុងវ័យ ១០៣ឆ្នាំ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ អមដោយសមាជិកគ្រួសារ នៅមើលថែដល់ដង្ហើមចុងក្រោយ»

គួរជម្រាបថា តារាចម្រៀងជើងចាស់ Deme Vera Lynn ត្រូវបានគេដឹងថា មានប្រជាប្រិយភាពបំផុតនាអំឡុង សង្រ្គាមលោកលើកទី២។ ការទទួលមរណភាពរបស់តារាជើងចាស់រូបនេះ បានធ្វើឲ្យសិល្បករជំនាន់ក្រោយរបស់អង់គ្លេស ជាពិសេសទស្សនិកជនដែលតែងតែ និយមស្តាប់ចម្រៀងរបស់លោកស្រី សម្តែងការសោកស្តាយជាខ្លាំង៕