(ភ្នំពេញ)៖ លទ្ធផលចាប់ពូលជុំផ្ដាច់ព្រ័ត្រ នៃពានរង្វាន់បាល់ទាត់យុវជនជើងឯកអាស៊ីអាយុក្រោម ១៩ឆ្នាំ ឆ្នាំ២០២០ (AFC U-19 Championship Uzbekistan 2020) នៅថ្ងៃទី១៨ ខែមិថុនានេះបានចេញហើយ ដោយក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា ស្ថិតក្នុងពូល A ជាមួយម្ចាស់ផ្ទះអ៊ូសបេគីស្ថាន ឥណ្ឌូនេស៊ី និងអ៊ីរ៉ង់ ដោយចៀសផុតក្រុមខ្លាំងៗដូចជាកូរ៉េខាងត្បូងជប៉ុន និងក្រុមការពារតំណែងជើងឯកអារ៉ាប៊ីសាអូឌីតជាដើម។

ពិធីចាប់ឆ្នោតនេះបានធ្វើឡើងនៅទីស្នាក់ការសហព័ន្ធកីឡាបាល់ទាត់អាស៊ី(AFC) ដែលមានមូលដ្ឋាននៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយបែកចែកជា ៤ពូល ហើយពូលនីមួយៗមាន ៤ប្រទេស សម្រាប់ត្រៀមបន្ដការប្រកួតជុំផ្ដាច់ព្រ័ត្រ ឬវគ្គ ១៦ក្រុមចុងក្រោយចាប់ពីថ្ងៃទី១៤-៣១ ខែតុលាខាងមុខនៅទឹកដីម្ចាស់ផ្ទះអ៊ូសបេគីស្ថាន។

ចំពោះលទ្ធផល ៣ពូលផ្សេងទៀតវិញ រួមមានពូល B ក្រុម U19 កូរ៉េខាងត្បូង ជប៉ុន អ៊ីរ៉ាក់ និងប៉ារ៉ែន។ ពូល C រួមមានក្រុម U19 អារ៉ាប៊ីសាអូឌីត អូស្រ្ដាលី និងវៀតណាម ឡាវ និងពូល D គឺមានក្រុម U19 កាតា តាហ្ស៊ីគីស្ថាន ម៉ាឡេស៊ី និងក្រុមជម្រើសជាតិ U19 យេម៉ែន។

យ៉ាងណាមិញ ដោយសារវិបត្តិជំងឺកូវីដ-១៩ (Covid-19) ពិធីចាប់ឆ្នោតនេះ ពុំមានការចូលរួមពីប្រទេសជាសមាជិកវគ្គ ១៦ក្រុមចុងក្រោយនោះទេ ទាំងដែលធាតុពិតពិធីនេះត្រូវមានការចូលរួមពីសមាជិក ដើម្បីជាសក្ខីភាព និងជាសាក្សី ក្នុងការចាប់ឆ្នោតផ្ទាល់នៅទីស្នាក់ការ AFC។ នេះបើតាមការបញ្ជាក់របស់លោក Dato’ Windwor John អគ្គលេខាធិការ AFC។

គួរដឹងថា ក្រុមគោព្រៃជំទង់កម្ពុជា បានឡើងជុំផ្ដាច់ព្រ័ត្រជាប្រវត្តិសាស្ដ្រ ក្នុងនាមក្រុមលេខ២ ល្អជាងគេ ៥ក្រុម បន្ទាប់ពីបញ្ចប់ការប្រកួតត្រឹមចំណាត់ថ្នាក់លេខ២ ក្នុងពូល G ក្នុងនាមម្ចាស់ផ្ទះវគ្គជម្រុះ ឆ្នាំ២០១៩ ក្រោយឆ្លងកាត់ ៤ប្រកួត ឈ្នះ៣ និងចាញ់១ ។

នេះជាលើកទី៤ ហើយដែលកម្ពុជា បានឈានដល់ជុំផ្ដាច់ព្រ័ត្រ ក្រោយខកខានអស់រយៈពេល ៤៥ឆ្នាំ បើគិតពីឆ្នាំ១៩៧៤ មកទល់បច្ចុប្បន្ន៕