(បរទេស)៖ រណ្តៅអាចម៍ផ្កាយ ដែលនៅរក្សារូបរាងល្អជាងគេបង្អស់លើភពផែនដីរបស់យើង ឈ្មោះថា «Barringer Metoer Crater» ឬត្រឹម​ «Meteor Crater» ហើយ​ស្ថិតនៅសហរដ្ឋអាមេរិក។

វាត្រូវបានគេរកឃើញកាលពីឆ្នាំ១៨៩១ ខណៈអាយុរបស់រណ្តៅអាចម៍ផ្កាយនេះ គឺត្រូវអ្នកវិទ្យសាស្រ្តប៉ាន់ស្មានចន្លោះពី៥០០០ឆ្នាំ ទៅដល់​៥០,០០០ឆ្នាំ។ នាពេលនោះ អាចម៍ផ្កាយធំមួយដុំទំហំជាង៤៥ម៉ែត្រ និងទម្ងន់ខ្ទង់៣០០,០០០តោន បានហោះចូលមកក្នុងបរិយាកាសយើង ហើយធ្លាក់មកបុកផ្ទៃផែនដី ពេញទំហឹងជាមួយកម្លាំងដ៏ខ្លាំងក្លា។ បើធៀបជាមួយគ្រាប់បែកបរមាណូ ដែលសហរដ្ឋអាមេរិកទម្លាក់លើទីក្រុងហូរ៉ូស៉ីម៉ា​របស់ជប៉ុន កាលពីសម័យសង្រ្គាមលោក គឺថាមពលដែលវាបញ្ចេញ មានកម្លាំងខ្លាំងជាងប្រហែល១,០០០ដង។

គួរជម្រាបថា រណ្តៅអាចម៍ផ្កាយ Barringer ក៏បានកើតឡើងចេញមក ជាមួយមុខកាត់ដល់ទៅ១,៣០០ម៉ែត្រ និងជម្រៅខ្ទង់១៨០ម៉ែត្រ។ វា​មានទីតាំងស្ថិតនៅក្បែរទីក្រុង Winslow នៃរដ្ឋ Arizona របស់អាមេរិក ហើយមិនជាឆ្ងាយប៉ុន្មានពី គោលដៅទេសចរណ៍ដ៏ល្បីមួយទៀត ​របស់សហរដ្ឋអាមេរិកគឺ Grand Canyon នោះឡើយ៕

ដកស្រង់ពីវែបសាយព័ត៌មាន Encyclopedia Britannica