(រីយ៉ាដ)៖ ក្រុមហ៊ុន Amazon.com Inc របស់សហរដ្ឋអាមេរិក នាថ្ងៃពុធនេះ បានដាក់ដំណើរការវែបសាយទិញទំនិញ សម្រាប់អតិថិជននៅ ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលទង្វើនេះបានស្តែងឲ្យឃើញថា Amazon នៅតែបន្តមានចំណាប់អារម្មណ៍ផ្នែកពាណិជ្ជកម្មនៅទីនេះដដែល បើទោះបីជានាយកប្រតិបត្តិរបស់ Amazon គឺកំពូលមហាសេដ្ឋីអាមេរិក លោក Jeff Bezos ហាក់មានបញ្ហាវិវាទជាមួយទីក្រុងរីយ៉ាដនាពេល កន្លងមកក៏ដោយ ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០។

វែបសាយខាងលើ គឺជាការផ្លាស់ប្តូរមុខមាត់វែបសាយ Souq.com ដែលជាវែបសាយលក់ទំនិញអនឡាញមួយនៅតំបន់មជ្ឈិមបូព៌ា ដែល ត្រូវបានក្រុមហ៊ុន Amazon ទិញយកកាលពីឆ្នាំ២០១៧។ ទិន្នន័យគណនីរបស់អតិថិជនទាំងអស់នៅវែបសាយ Souq នឹងត្រូវផ្ទេរទៅកាន់ អាស័យដ្ឋានថ្មីដោយស្វ័យប្រវត្តិគឺ amazon.sa។ កាលពីឆ្នាំ២០១៩ Amazon ក៏បានធ្វើដូចគ្នាលើវែបសាយ Souq នៅក្នុងប្រទេសអេមីរ៉ាត់ អារ៉ាប់រួមផងដែរ។

ដំណឹងនេះបង្ហាញឲ្យឃើញថា បញ្ហាវិវាទរវាងលោក Bezos និងរាជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman គឺពុំបាន ប៉ះពាល់ខ្លាំងទៅលើគម្រោងវិនិយោគទុនរបស់ក្រុមហ៊ុន Amazon សម្រាប់អារ៉ាប៊ីសាអូឌីតនោះឡើយ។ បញ្ហាវិវាទនោះ បានចាប់ផ្តើមឡើង ក្រោយការចុះផ្សាយសារលេចធ្លាយមួយរវាង លោក Bezos និងមិត្តស្រី កាលពីកំឡុងដើមឆ្នាំ២០១៩។ ប្រធានសន្តិសុខរបស់លោក Bezos បាននិយាយថា អារ៉ាប៊ីសាអូឌីតគឺជាប្រភពនៃសារលេចធ្លាយនោះ ហើយកាលពីខែមករា ឆ្នាំនេះ ក្រុមអ្នកជំនាញនៅអង្គការសហប្រជាជាតិ បានអះអាងថា ពួកគេមានព័ត៌មានដែលអាចបង្ហាញថា ព្រះអង្គម្ចាស់ Mohammed bin Salman មានជាប់ពាក់ព័ន្ធនឹងគម្រោងហែគ (Hack) ទូរស័ព្ទដៃរបស់លោក Bezos៕