(ភ្នំពេញ)៖ គ្រូបង្វឹកបរទេស APISIT IM AMPHAI បានឈានដល់ការយល់ព្រមលើការបញ្ចប់កិច្ចសន្យារវាងភាគីទាំងពីរជាផ្លូវការហើយចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយសារតែគ្រូបង្វឹកជនជាតិថៃរូបនេះមានភារកិច្ចផ្ទាល់ខ្លួននៅប្រទេសកំណើត។

គួរដឹងដែរថា Apisit សញ្ជាតិថៃ បានចូលកាន់នៅក្លិបបឹងកេត តាំងពីឆ្នាំ២០១៩ បន្ទាប់ពីលោកធ្លាប់បានដឹកនាំក្រុមភ្នំពេញ Empire ៣រដូវកាល ក្នុងឆ្នាំ២០០៨ ឆ្នាំ២០១០ ដោយកាលនោះ ភ្នំពេញក្រោន (ឈ្មោះបច្ចុប្បន្ន) បានលើកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ២ឆ្នាំជាប់គ្នានៅឆ្នាំ២០០៨ និងឆ្នាំ២០០៩ និងបន្ដលើកពានលីគកំពូលកម្ពុជា ឆ្នាំ២០១០ មុនលោកត្រឡប់ទៅថៃវិញទៀតផង។

ក្នុងអាជីពជាគ្រូបង្វឹក លោកធ្លាប់ដឹកនាំក្រុមបាល់ទាត់មួយចំនួននៅប្រទេសកំណើតរបស់ខ្លួន ដែលមានដូចជា ក្លិប Rangsit FC, ក្លិបបាល់ទាត់ Chiangrai United, ក្លិបបាល់ទាត់ Chiangmai United និងគ្រូបង្វឹកយុវជនរបស់ក្លិប Bangkok Glass ទៀតផង។

អ្វីដែលសំខាន់ផងនោះស្ថិតក្នុងពេលវេលានេះ ក្លិបក៏បានចាត់តាំងលោក គីម ភក្តី មានតួនាទីជានាយកបច្ចេកទេសរបស់ក្លិប ឲ្យដឹកនាំជាបណ្តោះអាសន្នរហូតដល់មានការប្រកាសតែងតាំងគ្រូបង្វឹកថ្មីនាពេលខាងមុខ៕