(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់យុវជនជើងឯកអាស៊ី U19 ឆ្នាំ២០២០ (AFC U-19 Championship Uzbekistan 2020) នឹងឈានដល់ថ្ងៃចាប់ឆ្នោតបែងចែកពូលជុំផ្ដាច់ព្រ័ត្រនាថ្ងៃទី១៨ ខែមិថុនាស្អែកនេះហើយ។ ប៉ុន្ដែមុនឈានដល់ពិធីនេះ សូមក្រឡេកមកចាប់អារម្មណ៍ប្រវត្តិខ្លះៗនៃព្រឹត្តិការណ៍ប្រចាំទ្វីបនេះ តើប្រទេសអាស៊ានមួយណាដែលធ្លាប់គ្រងជើងឯកច្រើនជាងគេ ចុះកម្ពុជាវិញ?

ផ្អែកលើប្រវត្តិពានយុវជនប្រចាំទ្វីបអាស៊ីនេះ បានបង្កើតឡើងដំបូងនៅឆ្នាំ១៩៥៩ ហើយរយៈពេល ៦១ឆ្នាំមកនេះ ប្រទេសធ្លាប់ដណ្ដើមបានជើងឯកច្រើនជាងគេ គឺប្រទេសកូរ៉េខាងត្បូង ដែលធ្លាប់លើកពាននេះចំនួន ១២លើក ឈ្នះជើងឯករង ៥លើក និងទទួលបានចំណាត់ថ្នាក់លេខ៣ ចំនួន ៨លើក ក្នុងប្រវត្តិឡើងដល់ជុំផ្ដាច់ព្រ័ត្រ ឬវគ្គ ១៦ក្រុមចុងក្រោយចំនួន ៣៩លើក។

ក្រឡេកមកប្រទេសក្នុងតំបន់អាស៊ានវិញ មីយ៉ាន់ម៉ា ធ្លាប់ធ្វើបានល្អជាងគេ ដោយដណ្ដើមបានជើងឯកចំនួន ៧លើក ជើងរង ១លើក និងចំណាត់ថ្នាក់លេខ៣ ចំនួន ៣លើកផងដែរក្នុងប្រវត្តិឡើងជុំផ្ដាច់ព្រ័ត្រ ១៩លើក។ បន្ទាប់មកក្រុម U19 ថៃ ធ្លាប់ឈ្នះជើងឯក ២លើក និងចំណាត់ថ្នាក់លេខ៣ ចំនួន ៤លើក ស្របពេលប្រទេសឥណ្ឌូនេស៊ី ធ្លាប់ឈ្នះជើងឯកម្ដង ជើងឯករង ២លើក និងលេខ៣ម្ដង។

ចំពោះក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជាវិញ រយៈពេល ៦១ឆ្នាំមកនេះ ទើបបានឡើងជុំផ្ដាច់ព្រ័ត្រ ៤លើកប៉ុណ្ណោះ នៅឆ្នាំ១៩៦៣, ១៩៧២, ១៩៧៤ រួមទាំងឆ្នាំ២០២០។ ប៉ុន្ដែការចូលរួម ៣លើកមុន កម្ពុជា ពុំបានឆ្លងផុតការប្រកួតជម្រុះក្នុងពូលនោះទេ។ ដូច្នេះចាំមើលឆ្នាំ២០២០ នេះ តើក្រុមគោព្រៃជំទង់កម្ពុជា អាចបង្កើតប្រវត្តិសាស្ដ្រថ្មី ឆ្លងផុតវគ្គ ១៦ក្រុមចុងក្រោយ ឬវគ្គបន្ដបន្ទាប់ទៀតដែលឬទេ?

និយាយពីការចាប់ឆ្នោតថ្ងៃស្អែកនេះ កម្ពុជានឹងត្រូវជួបប្រទេសមួយ ក្នុងចំណោម ១២ប្រទេស ដែលស្ថិតនៅប្រអប់នីមួយៗរួមមានប្រអប់ទី១ និងទី២ (Pot 1 – Pot 2) និងប្រអប់ទី៤ (Pot 4) រហូតដល់គ្រប់ ៤ប្រទេស (រួមទាំងកម្ពុជា)។ រីឯប្រអប់ទី៣ ឬ Pot 3 ដែលមាន ៤ប្រទេសនៅជាមួយគ្នា រួមមានក្រុម U19 វៀតណាម ម៉ាឡេស៊ី អ៊ីរ៉ាក់ និងក្រុមគោព្រៃជំទង់កម្ពុជា នឹងមិនត្រូវចាប់ឆ្នោតឲ្យស្ថិតក្នុងពូលជាមួយគ្នានោះទេ។

សម្រាប់ការចាប់ឆ្នោត គ្រោងនឹងធ្វើម៉ោង ៣៖៣០នាទីល្ងាច ថ្ងៃទី១៨ ខែមិថុនា នៅទីស្នាក់ការសហព័ន្ធកីឡាបាល់ទាត់អាស៊ី AFC ដែលមានមូលដ្ឋាននៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ហើយពិធីដែលអ្នកគាំទ្រ កំពុងទន្ទឹងរង់ចាំអ៊ុតលទ្ធផលនេះ នឹងមានផ្សាយលើបណ្ដាញសង្គមផ្លូវការរបស់ AFC រួមទាំងស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក BTV ផងដែរ៕