(បរទេស)៖ មានមនុស្សមួយចំនួនប្រហែលឆ្ងល់ថាតើ «សង្រ្គាមត្រជាក់» ជាអ្វីនិងមានន័យយ៉ាងដូចម្តេច? តើវាកើតឡើងអំឡុងរដូវរងាឬក៏​យ៉ាងណា? សង្រ្គាមត្រជាក់ដែលមនុស្សភាគច្រើនបានដឹងនិងបានស្គាល់គឺ សង្រ្គាមត្រជាក់រវាងសហរដ្ឋអាមេរិកនិងសហភាពសូវៀត ដែល​ជាការប្រជែងឥទ្ធិពលគ្នារវាងលទ្ធិប្រជាធិបតេយ្យនិងកុម្មុយនិស្ត។

* អ្វីទៅជាសង្រ្គាមត្រជាក់ (Cold War) ហើយពាក្យនេះចេញមកពីណា?
«សង្រ្គាមត្រជាក់» គឺជាស្ថានភាពជម្លោះរវាងប្រទេសចំនួនពីរ ដែលមិនធ្វើសង្រ្គាមជាមួយគ្នាដោយផ្ទាល់នោះឡើយ។ សង្រ្គាមរបៀបនេះ ត្រូវធ្វើឡើងជាចម្បង តាមរយៈសកម្មភាពសេដ្ឋកិច្ចនិងនយោបាយ រួមមានការឃោសនាមនោគមវិជ្ជា ការធ្វើចារកម្ម និងសង្រ្គាមប្រយោល​ (Proxy War) គឺប្រទេសដែលមានជម្លោះជាមួយគ្នានោះ ពឹងផ្អែកលើប្រទេសដទៃផ្សេងទៀតឲ្យប្រយុទ្ធគ្នាជំនួសពួកគេ។

មុនពេលសង្រ្គាមលោកលើកទីពីរបញ្ចប់ទៅនៅឆ្នាំ១៩៤៥ គឺពាក្យនេះកម្រឃើញគេប្រើប្រាស់។ អ្នកខ្លះយល់ថាអ្នកនិពន្ធជនជាតិអេស៉្បាញ​ម្នាក់ឈ្មោះ Don Juan Manuel គឺជាអ្នកដែលប្រើប្រាស់ពាក្យ «សង្រ្គាមត្រជាក់» ដំបូងគេ នៅពេលលោកប្រើវាដើម្បីសំដៅលើជម្លោះរវាង​សាសនាគ្រឹស្តនិងអ៉ីស្លាម។ យ៉ាងណាមិញ មនុស្សមួយចំនួនទៀតយល់ឃើញថា តាមពិតគឺពុំដូច្នោះទេ ដោយសារស្នាដៃលោកទំនងជាត្រូវ​បានគេ​បកប្រែខុស កាលពីសតវត្សរ៍ទី១៩។ អ្នកនិពន្ធដ៏ល្បីជនជាតិអង់គ្លេសលោក George Orwell ក៏ធ្លាប់បានប្រើពាក្យនេះដែរ ក្នុងអត្ថបទមួយ​នៅចុងបញ្ចប់នៃសង្រ្គាមលោកលើកទីពីរ​។

យ៉ាងណាមិញ បច្ចុប្បន្ន ពាក្យសង្រ្គាមត្រជាក់ (Cold War) នេះ គឺត្រូវបានគេប្រើប្រាស់ជាទូទៅ សម្រាប់សង្រ្គាមទាំងឡាយដែលផ្ទុះឡើង​តាមរយៈ​ជម្លោះដោយប្រយោល គឺគ្មានការប្រយុទ្ធបង្ហូរឈាមគ្នាដោយផ្ទាល់រវាងភាគីជម្លោះ។ សង្រ្គាមត្រជាក់ ដែលមនុស្សទូទាំងពិភពលោកបានស្គាល់គឺ រវាងពួកប្លុកខាងកើត (សហភាពសូវៀតនិងក្រុម​ប្រទេសរណបរបស់ខ្លួននៅអឺរ៉ុបខាងកើត) និងពួកប្លុកខាងលិច (សហរដ្ឋអាមេរិក និង NATO និងប្រទេសមួយចំនួនទៀត) ដែលបានកើតឡើង នៅ​ក្រោយសង្រ្គាមលោកលើកទីពីរ និងមានរយៈពេលរាប់ទសវត្សរ៍។

* តើមានជម្លោះណាផ្សេងទៀតដែរឬទេ ដែលត្រូវគេហៅថា «សង្រ្គាមត្រជាក់»?
ធ្លាប់មានជម្លោះមួយចំនួនទៀតនៅមជ្ឈិមបូព៌ា និងអាស៉ីខាងត្បូងជាដើម ដែលត្រូវគេចាត់ទុកថាជាសង្រ្គាមត្រជាក់។ សម្រាប់នៅមជ្ឈិមបូព៌ា​ ពាក្យសង្រ្គាមត្រជាក់នេះ គឺសំដៅទៅលើជម្លោះដែលមិនទាន់ផុតរលត់នៅឡើយរវាងអារ៉ាប៊ីសាអូឌីត និងអ៉ីរ៉ង់។ រីឯនៅអាស៉ីខាងត្បូង គឺសំដៅ​លើវិវាទអូសបន្លាយរវាងឥណ្ឌានិងប៉ាគីស្ថាន ដែលជាអ្នកជិតខាងគ្នា។ ប៉ុន្តែពាក្យសង្រ្គាមត្រជាក់ មិនសូវត្រូវបានគេប្រើទូលំទូលាយនោះទេ សម្រាប់ស្ថានភាពជម្លោះទាំងនេះ។ សម្រាប់សង្រ្គាមត្រជាក់ដែលមនុស្សភាគច្រើន​ព្រួយបារម្ភ​ថា អាចនឹងផ្ទុះឡើងនាពេលអនាគតវិញ គឺរវាងចិនដែលជាមហាយក្សនៅអាស៉ី ហើយនិងសហរដ្ឋអាមេរិក៕

ដកស្រង់ពីវែបសាយព័ត៌មាន The Sun​