(បរទេស)៖ រឿងរ៉ាវប្រវត្តិសាស្រ្តនេះបានកើតឡើងក្រោយមានប្រតិកម្មតបតយ៉ាងធ្ងន់ធ្ងរជុំវិញករណីរឿងរ៉ាវកើតឡើងនៅក្នុងកប៉ាល់ទីតានិក។ ហើយគេបានដឹងថា ម្ចាស់កប៉ាល់ទីតានិច បាននាំភរិយាមកស្នាក់ផ្ទះសំណាក់ Costello នៅក្នុងតំបន់ Casla នៃប្រទេសអៀរឡង់ ជាកន្លែងលាក់ខ្លួន ក្នុងកំឡុងពេលស្វែងរកទីតាំងសម្រាប់ជ្រកកោននៅឯតំបន់ Connemara ក្រោយមានប្រតិកម្មជុំវិញករណីរឿងរ៉ាវកើតឡើងនៅក្នុងកប៉ាល់ទីតានិក។

* នរណាជាម្ចាស់ «កប៉ាល់ទីតានិច» ?

ក្នុងឆ្នាំ១៩០៦ ក្រុមហ៊ុន Cunard ដាក់ចេញនូវខ្សែកប៉ាល់ថ្មីពីរប្រភេទបានលេចរូបរាងឡើងគឺមានឈ្មោះថា RMC Lusitania និង RMS Mauretania ដែលជាដៃគូប្រជែងជាមួយក្រុមហ៊ុន White Star ។ លោក Ismay និងភរិយាជាប្រធានក្រុមហ៊ុន White Star យល់ឃើញថា ដំណើរការអាជីវកម្មរបស់លោកពុំអាចធ្វើការ ប្រកួតប្រជែងតទៅមុខបានទៀតឡើយ។ ដូច្នេះហើយលោកក៏បានសម្រេចចិត្តអនុវត្តគម្រោងការថ្មីធំមួយគឺនាកំឡុងពេលនោះ លោកបានបង្កើតឲ្យមានកម្មវិធីដំណើរទេសចរណ៌លំហែតាមឆ្នេរសមុទ្រដ៏ប្រណីតមួយ។

នាវាយក្សបីប្រភេទគឺមាន RMS Olympic, HMS Britannic ព្រមទាំង HMS Titanic គឺជាធនធានចក្ខុវិស័យសំខាន់របស់លោក Ismay ដែលលោកសង្ឃឹមថា វានឹងអាចធ្វើការទាក់ទាញអតិថិជនឋានៈខ្ពង់ខ្ពស់ជាច្រើន ដែលកំពុងធ្វើការស្វែងរកកម្មវិធីដំណើរកម្សាន្តពោរពេញដោយភាពល្អឥតខ្ចោះ សម្រាប់ដំណើរឆ្លងកាត់ មហាសមុទ្រអាត្លង់ទិកក្នុងរយៈពេលខ្លីជាមួយគ្នានេះផងដែរ កម្មវិធីរបស់លោកក៏មានការផ្គត់ផ្គង់រៀបចំសម្រាប់ បណ្ដាលអតិថិជនថ្នាក់ជាន់ទាបក្នុងការចូលរួមបានផងដែរ។

«កប៉ាល់ទីតានិក» គឺជាគម្រោងការរៀបចំឡើងដោយលោក Ismay។ កប៉ាល់ដ៏អស្ចារ្យនេះត្រូវបានរចនាឡើងយ៉ាងល្អប្រណិតជាទីបំផុត នៅក្នុងចំណោមប្រវត្តិសាស្រ្តរបស់នាវាទាំងអស់ដែលធ្លាប់មាន។ ក្នុងឆ្នាំ១៩១២ ខែមេសា «កប៉ាល់ទីតានិច» ត្រូវបានចាកចេញពីក្រុង Southmton នៃប្រទេសអង់គ្លេស ក្នុងគ្រានោះទូកកាណូតសំរាប់សង្គ្រោះអ្នកមានគ្រោះថ្នាក់ក្នុងសមុទ្រគឺមានតែចំនួន១៦ប៉ុណ្ណោះ។ ដោយមានលោក Ismay គឺជាអ្នកធ្វើការកំណត់សម្រេចកាត់បន្ថយ នូវចំនួនទូកសង្គ្រោះនេះពីចំនួន៤៦ មកនៅតែចំនួន១៦។

បន្ទាប់ពីសោកនាដកម្មនេះបានកើតឡើងលោកបានក្លាយជាជនមួយរូបដែលទទួលការស្អប់ខ្ពើមបំផុតពីមហាជននៅប្រទេសអាមេរិក និងប្រទេសអង់គ្លេសនាដើមសតវត្សរ៍ទី២០។

ក្រៅពីរងការស្អប់ខ្ពើមនូវការសម្រេចចិត្តរបស់លោកនេះហើយ លោក Ismay ត្រូវទប់ទល់នឹងកំហឹងដ៏ធំបំផុតពីមហាជន ដោយលោកបានធ្វើការជួយសង្គ្រោះជីវិតខ្លួនឯង ខណៈមានមនុស្សប្រមាណជាង ១៥០០នាក់ផ្សេងទៀតបានត្រូវបានស្លាប់យ៉ាងអណោចអធមក្នុងព្រឹត្តិការណ៌លិចកប៉ាល់ទីតានិចនោះ។ លោក Ismay អាចរស់រានមានជីវិតបានដោយធ្វើការលោតចូលទៅក្នុងទីតាំងទូកសុវត្ថិភាពមួយតែខ្លួនឯង ទង្វើនេះគ្រប់គ្នាយល់ថា វាគឺជាបទឧក្រិដ្ឋដ៏ឃោរឃៅមួយដែលធ្វើឲ្យលោកទទួលការស្អប់ខ្ពើមពីមហាជនទូទាំងប្រទេស។

រឿងរ៉ាវជាច្រើនបន្តបន្ទាប់ត្រូវបានលាតត្រដាងឡើងថា គឺលោក Ismay បានក្លែងខ្លួនជារូបរាងស្ត្រីដើម្បីធ្វើការឡើងជិះទូកសុវត្ថិភាពនោះ។ អ្នកនយោបាយអាមេរិកមួយរូបបានទាមទារនាំខ្លួនលោក Ismay មកធ្វើការជម្រះតតាំងនៅខាងមុខសភាជាតិពីបទឧក្រិដ្ឋទៅនឹងរឿងរ៉ាវ ការស្លាប់បាត់បង់ជីវិតរបស់មនុស្សរាប់រយនាក់នៅលើនាវានេះ។

លោក Ismay បានផ្ដល់កិច្ចសហការយ៉ាងពេញលេញជុំវិញរឿងរ៉ាវដែលបានកើតឡើងនេះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយវាពុំអាចធ្វើការបញ្ឈប់កំហឹង មហាជនបានដោយងាយស្រួលឡើយ ទាំងនៅក្នុងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ សង្គមទីក្រុងឡុងដ៍ទាំងមូលបានសម្រេចចិត្តផ្ដាច់កិច្ចទំនាក់ទំនងទាំងស្រុងពីលោក ហើយលោកក៏បានលាលែងបញ្ឈប់ពីមុខតំណែងក្នុងក្រុមហ៊ុនទាំងអស់។

ក្នុងឆ្នាំ១៩១៣ អមដំណើរដោយភរិយារបស់លោក គឺលោកស្រី J. Bruce Ismay ដែលជាអតីតប្រធានក្រុមហ៊ុន «White Star Line» បានធ្វើការផ្លាស់ទៅរស់នៅឯទីក្រុង Galway នៅទីតាំងតំបន់ Casla ប្រទេសអៀរឡង់។ ការសម្រេចចិត្តផ្លាស់ទីលំនៅថ្មីរបស់លោក វាបានធ្វើឲ្យលោកមានការរួចផុតធូរស្បើយមួយចំណែកពីអំពើ ដែលលោកបានជួបប្រទះនៅឯចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បន្ទាប់ពីសោកនាដកម្មនៅក្នុងកប៉ាល់ទីតានិចត្រូវបានកើតឡើង។

លោកបានទៅរស់នៅឯតំបន់ផ្ទះសំណាក់ Costello ក្នុងតំបន់ Casla ប្រទេសអៀរឡង់ ហើយក្រោយមកត្រូវបានដុតបំផ្លាញដោយពួកកងទ័ពសាធារណរដ្ឋអៀរឡង់ ក្នុងឆ្នាំ១៩២២។ ប៉ុន្តែឆ្នាំបន្ទាប់មក វាត្រូវបានធ្វើការសាងសង់ឡើងវិញឲ្យមានលក្ខណៈធំជាងមុន។ លោក Ismay បានបន្តរស់នៅក្នុងតំបន់នោះអស់រយៈពេលជាង២៥ឆ្នាំ មុនពេលធ្វើការវិលត្រឡប់ទៅរស់នៅប្រទេសអង់គ្លេសវិញ គឺពេលដែលគាត់ត្រូវបានគេពិនិត្យធ្វើរោគវិនិច្ឆ័យឃើញថា កើតមានជំងឺទឹកនោមផ្អែម។ លោកបានទទួលមរណភាពនៅទីក្រុងឡុង ក្នុងឆ្នាំ១៩៣៧ ដោយមានអាយុ៧៤ឆ្នាំ។

លោកស្រី Julia Ismay នៅបន្តរស់នៅតំបន់ Casla នោះដដែលដោយបានសាងសង់រូបរាងស្តូបថ្មកំបោរមួយនៅក្នុងទីតាំងសួនច្បារ ដែលតំណាងឲ្យរូបលោក Ismay ដោយមានចារឹកអក្សរមួយនៅខាងលើនោះថា៖ «លោកគឺជាអ្នកស្រឡាញ់ចូលចិត្តទីតាំងភូមិឋានព្រៃមួយរូប ព្រោះវាជាកន្លែងអាចឲ្យយើងទទួលបាននូវភាពរីករាយបានដោយឥតព្រំដែន ដូចដែលដួងវិញ្ញាណរបស់មនុស្សគ្រប់គ្នាប្រាថ្នាចង់បាន»