(បរទេស)៖ បើតាមភ្នាក់ងាររបស់តារាប្រុស Yohan គឺ KJ Music Entertainment ទើបតែរាយការណ៍ព័ត៌មានដ៏ក្រៀមក្រំមួយថា Yohan បានទទួលមរណភាពក្នុងវ័យ២៨ ខណៈមូលហេតុមិនត្រូវបានទម្លាយនោះទេ តបតាមការសំណូមពរពីក្រុមគ្រួសារ។ នេះបើតាមការដកស្រង់ការចេញផ្សាយ ពីសារព័ត៌មាន allkpop នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។

ព័ត៌មាននៃការទទួលមរណភាពរបស់តារាប្រុស Yohan ទាំងវ័យក្មេងនេះ គឺទើបតែត្រូវបានទម្លាយនៅព្រឹកថ្ងៃទី១៧នេះ ខណៈលោកបានទទួលមរណភាពតាំងពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ មកម្ល៉េះ។ ទស្សនិកជនដែលគាំទ្រតារាប្រុសរូបនេះ សម្តែងការតក់ស្លុតយ៉ាងខ្លាំង តាមរយៈការបង្ហោះសារចូលរួមរំលែកទុក្ខ លើបណ្តាញសង្គម។ ជាក់ស្តែង អ្នកគាំទ្ររបស់ Yohan ទើបតែអបអរសាទរថ្ងៃខួបកំណើតរបស់លោក នាពេលថ្មីៗ ហើយនឹកស្មានមិនដល់ថា លោកទទួលមរណភាពទាំងវ័យក្មេងបែបនេះសោះ។

គួរជម្រាបថា តារាប្រុស Yohan បានបង្ហាញមុខក្នុងសិល្បៈលើកដំបូង ក្នុងឆ្នាំ២០១៥ តាមរយៈបង្កើតក្រុម NOM. ក្រោយពីក្រុមនេះត្រូវបានរំសាយ លោកក៏ផ្លាស់ទៅក្រុម Top Secret ក្នុងឆ្នាំ២០១៧៕