(ស៊ីដនី)៖ លីគបាល់ទាត់ផ្នែកបុរស កម្រិតកំពូលរបស់អូស្ត្រាលី (លីគសេរី A) គ្រោងនឹងចាប់ផ្តើមឡើងវិញ នៅថ្ងៃទី១៦ ខែកក្កដា នាទីក្រុង Melbourne, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី១៦ ខែមិថុនានេះ។

សហព័ន្ធបាល់ទាត់អូស្ត្រាលី (FFA) បានចេញផ្សាយនូវសេចក្តីលម្អិត អំពីការចាប់ផ្តើមឡើងវិញ នូវគម្រោងប្រកួតបាល់ទាត់ នៅថ្ងៃអង្គារនេះ បន្ទាប់ពីបានបញ្ចប់កិច្ចព្រមព្រៀង ជាមួយនឹងភាគីពាក់ព័ន្ធ កាលពីថ្ងៃចន្ទ ដើម្បីពន្លាយពេលនៃរដូវកាល ឆ្នាំ២០១៩-២០២០ រដូវដល់ថ្ងៃទី៣១ ខែសីហា។

FFA នឹងចេញផ្សាយនឹងគម្រោងការបន្ថែមទៀត នៅពេលការប្រកួតខិតជិតមកដល់ ខណៈមានការរំពឹងថា នឹងមានការបន្ធូរបន្ថយបន្ថែមទៀត នៅក្នុងការគ្រប់គ្រងព្រំដែន និងការរឹតត្បិត នៃការធ្វើដំណើរ។

ក្លិបសេរី A នឹងវិលត្រឡប់ទៅហ្វឹកហាត់វិញ ចាប់ពីថ្ងៃស្អែកតទៅ បន្ទាប់ពីបញ្ចប់ការធ្វើតេស្ត រកមេរោគ COVID-19 និងអនុវត្តផែនការប្រតិបត្ដិការ ដើម្បីកាត់បន្ថយហានិភ័យ នៃការឆ្លងមេរោគ នៅតាមកន្លែងហ្វឹកហាត់ និងទីតាំងក្លិបរបស់ពួកគេ។

យោងតាមគេហទំព័រ Wordometers បានឲ្យដឹងថា អូស្ត្រាលី មានករណីឆ្លងវីរ៉ុស COVID-19 ចំនួន៧.៣៣៣ករណី ក្នុងនោះ ៦.៨៥១ករណី បានជាសះស្បើយ និង១០២ករណីបានស្លាប់៕