(បាសេឡូណា)៖ លោក Quique Setien អ្នកចាត់ការទូទៅនៃក្លិបអ្នកមានបុណ្យ FC Barcelona បានលើកសរសើរពី Lionel Messi ថាមិនត្រឹមតែពូកែរកគ្រាប់បាល់ លើទីលានប៉ុណ្ណោះទេ ថែមទាំងមានការចូលរួមវិភាគទានច្រើនទៀត។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រ Livescore នាថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០។

គ្រូបង្វឹក Setien បានលើកឡើងថា «Leo គឺល្អណាស់ទាំងជំនាញរកគ្រាប់ ចិត្តសប្បុរស និងជំនួយការលើទីលានថែមទៀត។ Messi ជាកីឡាករឈរនៅលំដាប់លេខ១ ពិភពលោកដែលកម្រមានកីឡាករណាបំបែកបាន និងកាន់តែខិតជិតរកបាន ៧០០គ្រាប់ក្នុងអាជីពបាល់ទាត់ដែរ»

ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន វ័យឈានចូល ៣២ឆ្នាំ Lionel Messi រកបាន ១គ្រាប់ក្នុងជ័យជម្នះ ៤-០ ទៅលើក្រុមម្ចាស់ផ្ទះ Real Mallorca កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុននៅ LaLiga ដែលធ្វើឲ្យអតីតយុវជននៃក្លិប Barcelona រូបនេះត្រូវការតែ ២គ្រាប់ទៀតប៉ុណ្ណោះពេលប៉ះ Leganes រាត្រីនេះ ដើម្បីបាន ៧០០គ្រាប់ច្រើនជាងគេទាំងលេងក្នុងក្លិប និងក្រុមជម្រើសជាតិ។

ការលេងដោយបិទទ្វារកីឡដ្ឋាន Camp Nou ត្រូវបានលោក Setien មិនចាត់ទុកជាបញ្ហានោះទេក្នុងការបង្អាក់ក្រុម កំពូល Barcelona បើទោះបីជាមិនមានវត្តមានអ្នកគាំទ្រក៏ដោយ ដ្បិតក្រុម Real Madrid កំពុងតាមយ៉ាងប្រកៀក ដាច់គ្នាត្រឹមតែ ២ពិន្ទុប៉ុណ្ណោះគិតត្រឹមសប្តាហ៍ទី២៨ ជើងទី២នេះ៕