(ភ្នំពេញ)៖ តារាសម្ដែងស្រីស្រស់ អ្នកនាង ស៊ុំ សុម៉ាលី នៅរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ មហាជនឃើញវត្តមានរបស់នាង នៅក្នុងការងារសិល្បៈ ហាក់មានសន្ទុះឡើងវិញ ក្រោយបានធ្វើការលែងលះ ជាមួយស្វាមីដាច់ស្រេចតាមផ្លូវច្បាប់ ដោយក្ដាប់បានឱកាសធ្វើជាគណៈកម្មការ ក្នុងកម្មវិធី «Miss Grand Cambodia» នៅឆ្នាំ២០២០នេះ ដែលជាកម្មវិធីប្រកួតប្រជែងសម្រស់លក្ខណៈអន្តរជាតិ ដើម្បីជ្រើសរើសបេក្ខភាព តំណាងរបស់ប្រទេសកម្ពុជា។

ស៊ុំ សុម៉ាលី បានបង្ហាញវត្តមានសម្ដែង ក្នុងខ្សែភាពយន្តជាច្រើន ដោយភាពយនុ្តទាំងនោះ ត្រូវបានផ្អាកការដាក់បញ្ចាំង ព្រោះតែវិបត្តិជំងឺរាតត្បាតកូវីដ១៩។ ទោះបីភាពយន្តដែលនាងបានចូលរួមសម្ដែង មានខ្លះបានបញ្ចាំង និងខ្លះទៀតមិនបានបញ្ចាំង ប៉ុន្តែសម្រាប់ការងារសិល្បៈរបស់ ស៊ុំ សុម៉ាលី គឺនៅមានសន្ទុះគួរឲ្យកត់សម្គាល់ដដែល។ ជាក់ស្ដែងថ្មីៗនេះ នាងទទួលបានតំណែងជា គណៈកម្មការកម្មវិធី «Miss Grand Cambodia» ដែលបានចម្រាញ់ជ្រើសរើសបេក្ខនារីចំនួន២៥នាក់ នៅក្នុងវគ្គជម្រុះបន្តបន្ទាប់ទៀត រកអ្នកជយលាភីទៅប្រកួតជាលក្ខណៈអន្តរជាតិ។

តារាសម្ដែងមានឈ្មោះជាមេម៉ាយកូន១ អ្នកនាង ស៊ុំ សុម៉ាលី បានថ្លែងប្រាប់ Fresh News Plus ថា រូបនាងត្រូវបានជ្រើសរើស ឲ្យជួយដាក់ពិន្ទុដល់បេក្ខនារីតំណាងកម្ពុជា ក្នុងកម្មវិធី «Miss Grand Cambodia» ដោយត្រូវមើលឲ្យបានគ្រប់ជ្រុងជ្រោយបំផុត មុននឹងសម្រេចឲ្យនរណាម្នាក់ទទួលបានជយលាភី។ នៅក្នុងវគ្គដែលរូបនាង ធ្វើជាគណៈកម្មការ គឺស្វែងរកបានបេក្ខនារីចំនួន២៥នាក់​។ នាងបន្តថា ក្នុងនាមជាគណៈកម្មការ គឺមានតួនាទីត្រូវមើលទៅលើ ទី១, ផ្ដោតសំខាន់ទៅលើសម្រស់ធម្មជាតិ​ ទី២,ភាពឆ្លាតវៃ​ ទី៣,ភាពទាក់ទាញ និងទី៤ គឺភាពទាក់ទាញនៅក្នុងកាមេរ៉ា។

ស៊ុំ សុម៉ាលី បញ្ជាក់បន្ថែមថា នេះគឺជាលើកទី១ ដែលបានទទួលតំណែងជា គណៈកម្មការកម្មវិធី «Miss Grand Cambodia» ប៉ុន្តែតាមរយៈការណែនាំពីគណៈកម្មការមុនៗ គឺនាងទទួលបានបទពិសោធន៍ច្រើន ម្យ៉ាងទៀត នាងក៏ជាអតីតកញ្ញាឯកប្រចាំទស្សនាវដ្ដី ធម្មជាតិដែរ កាលពីប៉ុន្មានឆ្នាំមុន។

សូមបញ្ជាក់ថា ដោយសារតែពិភពលោកក៏ដូចជាប្រទេសកម្ពុជា កំពុងរងការវាយប្រហារពីជំងឺ Covid-19 ដូច្នេះដើម្បីជាសុវត្ថិភាព និងបង្ការការរីករាលដាល គណៈកម្មការរៀបចំការប្រកួត បានសម្រចលើកកាលបរិច្ឆេទ នៃការដាក់ពាក្យ និងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដូចខាងក្រោម៖

ទី១៖ ការប្រកួតកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ឆ្នាំ២០២០ (Miss Grand Cambodia 2020 Competition) នឹងពន្យាពេលដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។
ទ២៖ ការប្រកួតរចនាម៉ូតសម្លៀកបំពាក់ ក្នុងកម្មវិធីប្រកួតកញ្ញាឯកដ៏អស្ចារ្យ នៃកម្ពុជាឆ្នាំ២០២០ នឹងត្រូវពន្យាពេលដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។
ទី៣៖ សម្រាប់វគ្គផ្ដាច់ព្រ័ត្រនឹងត្រូវបា្ររព្ធឡើង នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

សម្រាប់បេក្ខភាព​តំណាងកម្ពុជា ដែលធ្លាប់​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត Miss Grand International 2019 នៅ​ប្រទេស​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា ​(Venezuela) គឺ​កញ្ញា ដេ​ត ស្រី​នា​ឌ «Miss Grand Cambodia 2019» ​ប៉ុន្តែនាងមិនបានទៅចូលរួមប្រកួតនោះទេ ព្រោះបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ខណៈ​ប្រទេសដែលធ្វើជាម្ចាស់ផ្ទះ កំពុងកើតមានភាពវឹកវរ ដោយសង្គ្រាមស៊ីវិល៕