(ក្រុងឡុងដ៍)៖ ក្លិបអង់គ្លេស តោខៀវ Chelsea ហ៊ានចាយលុយ ១២០លានអឺរ៉ូ ស្មើនឹង ១៣៦លានដុល្លារអាមេរិក ដើម្បីទិញកីឡាករជើងស៊ុត Cristiano Ronaldo របស់ក្លិបសេះបង្កង់ Juventus នាបច្ចុប្បន្ននេះមកលេងនៅទឹកដី Stamford Bridge វិញ។ នេះបើយោងតាមការចេញផ្សាយដោយព័ត៌មានអេស្ប៉ាញ Marca នៅថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០ នេះ។

ក្លិបដែលលេងនៅ Premier League ខាងលើនេះ បានចុះកិច្ចសន្យានាំយកកីឡាករ Hakim Ziyech ពីក្លិបហូឡង់ Ajax រួចហើយ និងជិតឈានដល់កិច្ចព្រមព្រៀងថ្មីមួយជាមួយ Timo Werner របស់ក្លិប RB Leipzig ថែមទៀត។

ជាមួយគ្នានោះ តោខៀវបានត្រៀមជាស្រេចក្នុងការចំណាយលុយដ៏ច្រើនមហិមាក្នុងការទិញយកកីឡាករអន្តរជាតិព័រទុយហ្គាល់ CR7 ដែលមានវ័យ ៣៥ឆ្នាំទៅហើយនោះក៏ដោយក្នុងតម្លៃ ១៣៦លានដុល្លារ ច្រើនជាងទឹកប្រាក់ដែល Juventus ទិញពីក្លិប Real Madrid កាលខែកក្កដា ឆ្នាំ២០១៨ មានត្រឹមតែ ១៣៣លានដុល្លារប៉ុណ្ណោះ។

គួររំលឹកផងថា Cristiano Ronaldo ក៏ធ្លាប់ស៊ុតបាន ១១៨គ្រាប់ផងដែរនៅអង់គ្លេសក្នុងក្លិបបិសាចក្រហម Manchester United មុនពេលចាកទៅលេងឲ្យក្លិបអេស្ប៉ាញ Real Madrid ក្នុងឆ្នាំ២០០៩។

លោក Maurizio Sarri អ្នកចាត់ការទូទៅ Juventus ធ្លាប់បានថ្លែងថា កីឡាករអាហ្សង់ទីន Paulo Dybala គឺជាតារាឆ្នើមមួយរូប ប៉ុន្តែវាពិបាកក្នុងការឲ្យគាត់លេងជាមួយ Cristiano Ronaldo ណាស់ ដ្បិតពួកគេបានចាប់ដៃជួយឲ្យសេះបង្កង់ឡើងទៅវគ្គផ្តាច់ព្រ័ត្រពាន Coppa Italia ដោយត្រូវប៉ះ Napoli កាលពីរាត្រីថ្ងៃសុក្រសប្តាហ៍មុនក៏ដោយ៕