(ប៉េកាំង)៖ ប្រធានការិយាល័យកីឡាសៀងហៃ លោក Xu Bin បានប្រាប់ឲ្យដឹងនៅថ្ងៃចន្ទនេះថា លីគបាល់ទាត់កំពូលរបស់ចិន Chinese Super League អាចនឹងចាប់ផ្តើមឡើង នៅក្នុងខែកក្កដាខាងមុខ ប្រសិនបើអ្វីគ្រប់យ៉ាងដំណើរការតាមការគ្រោងទុក, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ។

គួររំលឹកថា ជើងឯក Chinese Super League ឆ្នាំ២០២០ គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២២ ខែកុម្ភៈ ប៉ុន្តែត្រូវបានផ្អាកទៅវិញ ដោយសារតែការផ្ទុះឡើង នៃជំងឺ COVID-19។

លោក Xu Bin បានប្រាប់ស្ថានីយវិទ្យុក្នុងតំបន់របស់ Shanghai ថា «សមាគមបាល់បោះចិន បានប្រកាសថា លីគរបស់ខ្លួន នឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែមិថុនា ហើយប្រសិនបើមានអ្វីប្រែប្រួល, លីគ Chinese Super League នឹងចាប់ផ្តើមឡើងវិញ នៅក្នុងខែកក្កដា»។

ក្រុមទាំងអស់នៃលីគ Chinese Super League នាពេលថ្មីៗនេះបានលេងជាលក្ខណៈមិត្តភាពជាមួយគ្នា ដើម្បីត្រៀមចាប់ផ្តើមឡើងវិញ នូវរដូវកាលប្រកួត៕