(អាហ្សង់ទីន)៖ ការប្រកួតបាល់ទាត់ នៅក្នុងប្រទេសអាហ្សង់ទីន នឹងមិនទាន់វិលត្រឡប់មកវិញ នៅពេលឆាប់ៗនេះនោះទេ ដោយសារប្រទេស កំពុងតែរកមធ្យោបាយដោះស្រាយ ជាមួយនឹងការកើនឡើង នៃករណីឆ្លងជំងឺ COVID-19, នេះបើតាមការបញ្ជាក់ពី រដ្ឋមន្ត្រីសុខាភិបាល លោក Gines Gonzalez ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នាថ្ងៃទី១៥ ខែមិថុនានេះ។

ការរៀបចំព្រឹត្តិការណ៍កីឡា នៅក្នុងប្រទេសដែលស្ថិតក្នុងទ្វីបអាមេរិកខាងត្បូងមួយនេះ ត្រូវបានផ្អាក ចាប់តាំងពីពាក់កណ្តាលខែមីនាមក ហើយវាមិនទាន់មានការបញ្ជាក់ណាមួយ ថាព្រឹត្តិការណ៍កីឡា នឹងចាប់ផ្តើមឡើងវិញ នៅពេលណានោះទេ។

យោងតាមក្រសួងសុខាភិបាល, អាហ្សន់ទីន មានករណីឆ្លងជំងឺ COVID-19 ជាង៣១,៥០០ករណី និងមាន៨៣៣ករណីបានស្លាប់។ ប្រទេសមួយនេះ បានរាយការណ៍ថា មានករណីឆ្លងថ្មី នៃជំងឺចំនួន១,៥៣១ករណី កាលពីថ្ងៃសៅរ៍។

អាហ្សង់ទីន បាន ស្ថិតនៅក្នុងការបិទប្រទេសយ៉ាងតឹងរឹង ចាប់តាំងពីថ្ងៃទី២០ ខែមីនាមក។ នៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ រដ្ឋាភិបាល បានបន្ធូរបន្ថយការរឹតត្បិតមួយចំនួន ដោយបានអនុញ្ញាតឲ្យអត្តពលិកអូឡាំពិក ចាប់ផ្តើមហ្វឹកហាត់ឡើងវិញ និងអនុញ្ញាតឲ្យពលរដ្ឋ ធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃ នៅអំឡុងពេលជាក់លាក់៕