(ហ្ស៊ូរិច)៖ កីឡាករជាង ៤០០នាក់ដែលភាគច្រើនលេងឲ្យក្លិបនៅអឺរ៉ុបបានដាក់ពាក្យស្នើសុំជំនួយហិរញ្ញវត្ថុ ក្រោមគម្រោងដែលត្រូវបានបានបង្កើតឡើងដោយសហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA។ នេះបេីយោងតាមការចេញផ្សាយដោយ គេហទំព័រ All Football នៅថ្ងៃនេះ។

រហូតមកដល់ពេលនេះ មានពាក្យស្នេីសុំចំនួន ៤៤១ពាក្យទៅមូលនិធិ FIFA សម្រាប់គម្រោង FFP ដោយទាមទារប្រាក់ឈ្នួលដែលមិនបានបង់ចេញពីក្លិប ដែលពួកគេកំពុងប្រកបអាជីពដែលមានរហូតដល់ទៅ ៨៩% ឯណោះ។

គួរបញ្ជាក់ផងថា កីឡាករមកពីគ្រប់តំបន់ទាំងអស់អាចដាក់ពាក្យស្នេីសុំអត្ថប្រយោជន៍រហូតដល់ចុងខែមិថុនា តាមរយៈសហជីពរបស់កីឡាករពិភពលោកគឺ FIFPRO។

ប្រធាន FIFA លោក Gianni Infantino បានបញ្ចេញសាច់ប្រាក់ចំនួន ១២.៣លានផោន ស្មេីនឹង ១៥.៤លានដុល្លារ ដើម្បីជួយដល់កីឡាករដែលមិនបានទទួលប្រាក់ពលកម្មនៅចន្លោះឆ្នាំ២០២០-២០២២ និងទឹកប្រាក់ ៤.៧៦លានដុល្លារបន្ថែមទៀត ត្រូវបានទុកសម្រាប់កីឡាករដែលមិនទទួលបានប្រាក់នៅចន្លោះឆ្នាំ២០១៥-២០២០។

មូលនិធិខាងលេីនេះ ត្រូវបានបង្កើតឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២០ នេះ មុនពេលបាល់ទាត់ទូទាំងពិភពលោកត្រូវបានបិទ ដោយសារជំងឺរាតត្បាត Covid-19 ដើម្បីជួយដោះស្រាយជីវភាពកីឡាករដែលក្លិបលែងត្រូវការ៕