(ម៉ាឌ្រីដ)៖ ក្រោយពីស៊ុតបញ្ចូលទីបាន ១គ្រាប់ កីឡាករ Diego Costa បានលើកអាវរបស់ក្លិបមានលេខ១៤ ក្នុងន័យអបអរសាទរដល់នាង Viginia ដែលបានទទួលការវះកាត់ដុំសាច់ខួរក្បាលដោយជោគជ័យកាលពីខែឧសភាកន្លងមក។ នេះបើយោងតាមការចេញផ្សាយដោយ Dailymail នាថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០ នេះ។

កីឡាការិនីសញ្ជាតិអេស្ប៉ាញ មានវ័យ ២៥ឆ្នាំ Virginia Torrecilla ដែលជាសមាជិកក្រុមបាល់ទាត់នារីរបស់ក្រុម Atetico Madrid ផងនោះ បានទទួលការវះកាត់យកដុំសាច់ខួរក្បាលបានដោយជោគជ័យកាលពីខែឧសភា ដែលកាយវិការនេះ ត្រូវបានធ្វើឡើងក្នុងជំនួបដែលបញ្ចប់ក្នុងលទ្ធផល ១-១ នៃ LaLiga សប្តាហ៍ទី២៨ ដែល Diego Costa បានស៊ុតគ្រាប់តាម ១-១ នៅនាទី៣៩ ត្រឹមតែ ២នាទីនៅពេលម្ចាស់ផ្ទះ Athletic Bilbao បើកការនាំមុខនោះ។

កីឡាការិនី Virginia ក៏បានបង្ហាញអារម្មណ៍តបទៅកាន់ Diego នៅក្នុងបណ្តាញសង្គម Twitter ភ្លាមៗផងដែរថា «ខ្ញុំមិនមានពាក្យនិយាយនោះទេ…ចំពោះអ្នកពិតជាអស្ចារ្យ និងសូមអរគុណចេញពីបេះដូងខ្ញុំ»។ កីឡាការិនីខាងលើក៏កំពុងតែស្ថិតក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបច្ចុប្បន្នបង្ហាញខ្លួនបាន ៦៣ប្រកួត និងរកបាន ៧គ្រាប់ក្នុងតំណែងជាខ្សែបម្រើការពារទៀតផង៕