(បរទេស)៖ តារាម៉ូដែលកូឡំប៊ី កញ្ញា Daniella Álvarez តំណាងឲ្យប្រទេសរបស់ខ្លួនចូលរួមប្រកួតសម្រស់ និងសមត្ថភាពក្នុងកម្មវិធីលំដាប់ពិភពលោក «Miss Universe 2012» បានបាត់បង់ជើងម្ខាង ដោយសារជំងឺ «ischemia»។ នាងទទួលបានការវះកាត់ដោយជោគជ័យ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ នេះបើយោងតាមការដកស្រង់ ការចេញផ្សាយពីសារព័ត៌មាន Spains news នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។

មូលហេតុដែលធ្វើឲ្យតារាម៉ូដែលស្រី Daniella Álvarez ដែលធ្លាប់តែបង្ហាញរាងដ៏ស្រឡូន និងសម្រស់សោភាលើឆាកអន្តរជាតិ បាត់បង់ជើងឆ្វេងម្ខាង គឺបណ្តាលមកពីនាងមានជំងឺម្យ៉ាងហៅថា «ischemia» ដែលជំងឺនេះ ធ្វើឲ្យផ្នែកខ្លះនៃរាងកាយ មិនអាចបញ្ជូនគ្រាប់ឈាមទៅចិញ្ចឹមកោសិកាបាន ធ្វើឲ្យកង្វះអុកស៊ីសែនដល់កោសិកា ឬធ្វើឲ្យកោសិកាងាប់។

ទោះជាត្រូវបាត់បង់ជើងឆ្វេងម្ខាង បវរកញ្ញាកូឡំប៊ី រូបនេះ ទទួលបានការលើកទឹកចិត្តជាច្រើនពីមនុស្សជុំវិញខ្លួន ព្រោះការវះកាត់ជើងម្ខាងនេះ គឺដើម្បីធ្វើឲ្យនាងមានជីវិតយូរអង្វែង តទៅទៀត។ ក្រោយទទួលការវះកាត់ជោគជ័យ ក្រុមគ្រួសាររបស់ Daniella Álvarez និងមិត្តភ័ក្ត រួមទាំងបរវកញ្ញាទូទាំងពិភពលោក បានចូលរួមលើកទឹកចិត្តនាងគ្រប់គ្នា។ ដោយក្នុងនោះ ទាំងកីឡាករវាយកូនបាល់លោក Robert Farah បានបង្ហោះសារ លើកទឹកចិត្តដល់បវរកញ្ញា Daniella Álvarez ថា នាងគឺជាមនុស្សស្រីដ៏រឹងមាំ។

ស្រដៀងគ្នានេះដែរ បវរកញ្ញាកម្ពុជា កញ្ញា រឿន ស៊ីណាត ដែលធ្លាប់តំណាងឲ្យប្រទេសកម្ពុជា ចូលរួមប្រកួតក្នុងកម្មវិធី «Miss Universe 2018» ក៏លើកទឹកចិត្តដល់ កញ្ញា Daniella Álvarez តាមរយៈសារហ្វេសប៊ុកផងដែរ ដោយនាងបានសរសេរថា «Stay strong Queen»៕