(ភ្នំពេញ)៖ នៅសល់ ៣ថ្ងៃទៀតប៉ុណ្ណោះ ពិធីចាប់ឆ្នោតបែងចែកពូលនៃពានរង្វាន់បាល់ទាត់យុវជនជើងឯកអាស៊ី អាយុក្រោម ១៩ឆ្នាំ ឆ្នាំ២០២០ (AFC U-19 Championship Uzbekistan 2020) នឹងមកដល់ហើយ ពោលគឺនៅថ្ងៃទី១៨ ខែមិថុនាខាងមុខ ខណៈអ្នកគាំទ្រកម្ពុជា កំពុងចាំអ៊ុតយ៉ាងអន្ទះសារ ដើម្បីបានដឹង ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា ស្ថិតក្នុងពូលអ្វី និងត្រូវប៉ះក្រុមជើងខ្លាំងណាខ្លះ?

បើតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី(AFC) ពិធីចាប់ឆ្នោតជុំផ្ដាច់ព្រ័ត្រ ដែលមានបេក្ខភាពចូលរួម ១៦ក្រុមខាងលើ គ្រោងនឹងធ្វើឡេីងនាម៉ោង ៣៖៣០នាទីល្ងាច នៅទីស្នាក់ការ AFC ដែលមានមូលដ្ឋាននៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ហើយបើគ្មានការប្រែប្រួលនោះទេ ក្រោយចាប់ឆ្នោតបែងចែកពូលរួច ការប្រកួតនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៤-៣១ ខែតុលា ឆ្នាំ២០២០ នៅទឹកដីម្ចាស់ផ្ទះអ៊ូសបេគីស្ថាន។

ចំពោះក្រុមគោព្រៃជំទង់កម្ពុជា បន្ទាប់ពីបំបែកកំណត់ត្រា ៤៥ឆ្នាំឡើងជុំផ្ដាច់ព្រ័ត្រពាន AFC U-19 Championship Uzbekistan 2020 កម្ពុជាគឺស្ថិតក្នុង POT ទី៣ ដើម្បីធ្វើការចាប់ឆ្នោតជាមួយ U19 ម៉ាឡេស៊ី អ៊ីរ៉ាក់ និងវៀតណាម។ រីឯបេក្ខភាពឡើងជុំផ្ដាច់ព្រ័ត្រ ដែលស្ថិតនៅ ៣ POT ផ្សេងទៀត រួមមានក្រុម U-19 កាតា តាហ្ស៊ីគីស្ថាន អ៊ីរ៉ង់ បារ៉ែន អារ៉ាប៊ីសាអូឌីត អូស្រ្ដាលី កូរ៉េខាងត្បូង ជប៉ុន ឥណ្ឌូនេស៊ី ឡាវ យេម៉ែន និងអ៊ូសបេគីស្ថាន។

គួរដឹងថា នេះជាលើកទី៤ ហើយ ដែលក្រុមគោព្រៃជំទង់កម្ពុជា បានឈានដល់ជុំផ្ដាច់ព្រ័ត្រ ឬវគ្គ ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ខាងលើ បន្ទាប់ពីក្រុម U-19 កម្ពុជា បានធ្វើការប្រកួតដ៏ស្វិតស្វាញក្នុងវគ្គជម្រុះ នៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៩ ហើយបានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ២ ក្នុងពូល G មុនបូកពិន្ទុក្លាយជាក្រុមលេខ២ ល្អជាងគេ ក្នុងចំណោម ៥ក្រុម ដែលឡើងមកបង្គ្រប់កៅអីជុំផ្ដាច់ព្រ័ត្រ។

ពិធីចាប់ឆ្នោតខាងលើក៏នឹងមានផ្សាយលើបណ្ដាញសង្គមផ្លូវការរបស់ AFC រួមទាំងស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក BTV ផងដែរ៕