(ក្រុងឡុងដ៍)៖ ក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស នៅតែបន្តរកឃើញអ្នកជំងឺ Covid-19 ចំនួន២ករណីថ្មីបន្ថែមទៀតនៅថ្ងៃអាទិត្យនេះ មុនការប្រកួតវិលមកវិញនាថ្ងៃពុធសប្តាហ៍ក្រោយ។

តាមរយ:ព័ត៌មានពីគេហទំព័រ LiveScoreបានចេញផ្សាយថា ក្លិបចាបលឿង Norwich City បានរកឃើញ១ករណីថ្មី ក្នុងចំណោមលទ្ធផលវិជ្ជមានពីរ នៅក្នុងការធ្វើតេស្តចុងក្រោយដែលត្រូវបាន ធ្វើឡើងដោយក្របខណ្ឌ Premier League និង១ករណីទៀតមិនត្រូវបានបញ្ជាក់មកពីក្លិបណាឡើយ។

ភ្លាមៗនោះដែរ Norwich ក៏បានចេញសេចក្តីថ្លែងការណ៍មួយបញ្ជាក់ពីស្ថានភាពនៅក្លិបរបស់ពួកគេ ដោយបុគ្គលដែលមិនបញ្ចេញឈ្មោះបានផ្តាច់ខ្លួនក្នុងរយៈពេល ៧ថ្ងៃផងដែរ។

Premier League ដែលដំណើរការប្រកួតបាន ២៩សប្តាហ៍ មុនត្រូវបានផ្អាកជាបណ្តោះអាសន្ននោះ នឹងចាប់ផ្តើមឡើងវិញនៅថ្ងៃពុធ ទី១៧ ខែមិថុនាសប្តាហ៍ក្រោយនេះ គ្រាដែលក្រុម Aston Villa ធ្វើជាម្ចាស់ផ្ទះទទួល Sheffield United និងក្រុមម្ចាស់ជើងឯក Manchester City នឹងត្រូវស្វាគមន៍ក្រុមកាំភ្លើងធំ Arsenal។

គិតត្រឹម៣ថ្ងៃចុងសប្តាហ៍នេះ Premier League បានធ្វើតេស្តទៅលើកីឡាករ និងបុគ្គលិកចំនួន ១២០០នាក់ ដើម្បីរក Covid-19 ដែលរកឃើញតែ ២ករណីថ្មីប៉ុណ្ណោះ៕