(ភ្នំពេញ)៖ កញ្ញា ផ្កាយ ដែលត្រូវបានមហាជនដឹងថា ជាម្ចាស់ពានរង្វាន់កញ្ញាឯក «Bridgestone» ២០១៤ កាលពីប៉ុន្មានឆ្នាំមុនចង់បញ្ចប់ជីវិត ធ្វើអត្តឃាតខ្លួនឯង ព្រោះតែមានជំងឺបាក់ទឹកចិត្ត។ យ៉ាងណាមិញ មកទល់នឹងបច្ចុប្បន្ននេះ នាងបានកែប្រែគំនិតថ្មី ប្រយុទ្ធជាមួយជំងឺនេះ រហូតទទួលបានឱកាសចូលសម្តែងរឿង ក្នុងផលិតកម្មល្បី Sastra Film។ ទន្ទឹមគ្នានឹងភាពល្បីល្បា ញ ការងាររលូនក្នុងសិល្បៈដូចសព្វថ្ងៃ កញ្ញា ផ្កាយ ហាក់មិនចង់រំឭកអតីតកាលឈឺចាប់ឡើយ ព្រោះតែមិនធ្វើឲ្យនាងរីកចម្រើន។

កញ្ញា ផ្កាយ ថ្លែងបែបនេះ គឺតាមរយៈចូលរួមជាតារាកិត្តិយក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ទូរទស្សន៍ Fresh news។ ក្រៅពីបង្ហាញពីជីវិតសិល្បៈបច្ចុប្បន្ន តារាស្រីថ្ពាល់ខួចមានមន្តស្នេហ៍រូបនេះ បាននិយាយពីប្រវត្តជីវិតជាច្រើន ដែលធ្លាប់ឆ្លងកាត់។ កញ្ញា ផ្កាយ ថានាងជាម្ចាស់ជ័យលាភីលេខ១ ក្នុងការប្រកួតសម្រស់ឯក «Bridgestone»។ យ៉ាងណាមិញ ក្រោយទទួលបានជយលាភីនេះ កេរ្តិ៍ឈ្មោះហាក់ល្បីល្បាញមួយរយៈ ហើយក៏ត្រូវអាប់អួរទៅវិញ ព្រោះតែទទួលរងនូវសម្ពាធជាច្រើន ពីមនុស្សជុំវិញខ្លួន និយាយពាក្យមិនល្អមកនាង រហូតសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯង តែមិនបានសម្រេច។

តារាស្រីរាងខ្ពស់ស្រឡះរូបនេះ បានបន្តថា អំឡុងពេលនោះ នាងក៏បានផ្អាកពីសិល្បៈមួយរយៈ ទៅធ្វើការងារធម្មវិញ។ យ៉ាងណាមិញ បន្ទាប់ពីមិនសូវមានសម្ពាធច្រើន អាចធ្វើចិត្តបាន ក៏បានបងប្រុសម្នាក់រាប់អាននាង ដូចបងប្រុសបង្កើត ជួយណែនាំឲ្យនាងចូលសម្តែងក្នុងផលិតកម្ម Sastra Film។ នាងថា ការចូលសម្តែងក្នុងផលិតកម្មនេះ មានមនុស្សជាច្រើនដែលស្រឡញ់ចូលចិត្តនាង និងជួយផ្តល់ដំបូន្មានល្អដល់រូបនេះ ធ្វើឲ្យនាងមានភពក្លាហាន ហ៊ានបញ្ចេញមុខជាសាធារណៈ និងល្បីល្បាញមានទស្សនិកជនស្គាល់ច្រើន រហូតមកដល់សព្វថ្ងៃ។

យ៉ាងណាមិញ ពេលប្រឡូកចូលសិល្បៈជាលើកទីពីរ អំឡុងពេលសម្តែងភាពយន្ត នាងស្ទើរតែមិនហ៊ានងើបមុខឡើង មើលក្រុមការងារ ព្រោះតែធ្លាប់មានជំងឺបាក់ទឹកចិត្ត មានគេដឹងពីប្រវត្តិមិនល្អរបស់ខ្លួន។ ផ្ទុយទៅវិញ ការចូលសិល្បៈលើកនេះ មានតែការលើកទឹកចិត្តពីរៀមច្បងមកលើនាង។ កត្តានេះ បានធ្វើឲ្យកញ្ញា ផ្កាយ មានភាពរឹងមាំ រហូតធ្វើឲ្យនាង ប្រាប់ខ្លួនឯងជាញឹកញាប់ថា «កុំព្យាយាមគិតថាខ្លួនឯងអន់ មនុស្សម្នាក់នេះស្អប់យើង តែនៅមានមនុស្សជាច្រើននាក់ទៀតស្រឡាញ់យើង។ ផ្តល់កំលាំងចិត្តឲ្យខ្លួនឯង»

តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» កញ្ញា ផ្កាយ បានបង្ហាញចំៗពាក់ព័ន្ធនឹងរឿងស្នេហាថា បច្ចុប្បន្នមិនស្ថិតក្នុងការគិតរបស់នាង ឡើយ ពោលគឺនាងមិនចង់គិតគូរ ពីរឿងស្នេហាតែម្តង។ នាងយល់ថា កាលណានាងមានស្នេហា ការងាររបស់នាងមិនរលូនទៅមុខទេ។ នាងចង់ផ្តោតសំខាន់លើការងារសិល្បៈ របស់នាងជាមុនសិន៕