(បរទេស)៖ ថ្មីៗនេះ ក្រុមចម្រៀងនារី K-POP ដែលល្បីល្បាញលក្ខណៈអន្តរជាតិ BLACKPINK ត្រូវបានរាយការណ៍ថា ស្នាដៃរបស់ពួកគេបានឈានដល់ Top 40 ក្នុងចំណោមចម្រៀងកំពុងពេញនិយមខ្លាំងទាំង១០០ លើតារាង Billboard របស់សហរដ្ឋអាមរិក។ សមិទ្ធផលនេះបានធ្វើឲ្យ BLACKPINK ក្លាយជាក្រុមនារីដំបូងគេបង្អស់ក្នុង K-POP ជាមួយកំណត់ត្រាថ្មី ជាប់ចំណាត់ថ្នាក់ Top 40 នៅក្នុងតារាង Billboard។

ភាពជោគជ័យរបស់ក្រុម BLACKPINK ក្នុងកំណត់ត្រាថ្មីរបស់ពួកគេនៅពេលនេះ គឺបន្ទាប់ពីបានសហការច្រៀងជាមួយកំពូលតារាចម្រៀងអាមេរិក Lady Gaga ក្នុងអាល់ប៊ុមទី៦ «Chromatica» ដែលបញ្ចេញកាលពីថ្ងៃទី២៩ ខែឧសភា។ ចម្រៀងក្នុងអាល់ប៊ុមនោះ គឺមានចំណងជើងថា «Sour Candy» ដែលរហូតមកទល់នឹងពេលនេះ គឺមានចំនួនអ្នកចូលស្តាប់ក្នុងយូធូបជាង ៥៥លានដង។

មុនពេលច្រៀង «Sour Candy» ត្រូវបានបញ្ចេញដោយអ្នកគាំទ្រវិស័យ K-POP ជាពិសេសអ្នកគាំទ្រក្រុម BLACKPINK ឬ BLINKs បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ព្រោះវាជាចម្រៀងទី១របស់ក្រុមនេះ បន្ទាប់ពីខកខានឡើងលើឆាកតន្ត្រីជាងមួយឆ្នាំ។ ដោយសារតែការគាំទ្របែបនេះ បានធ្វើឲ្យស្នាដៃរបស់ BLACKPINK បានឈរលើតារាង Billboard ក្នុងចំណោមចម្រៀងដែលកំពុងផ្ទុះការគាំទ្រខ្លាំងទាំង១០០ ខណៈបច្ចុប្បន្នឈរនៅលេខរៀងទី៣៣ ធ្វើឲ្យពួកគេបំបែកកំណត់ត្រាថ្មី ក្លាយជាក្រុមចម្រៀងនារី K-POP ដំបូងគេបង្អស់ឈានដល់ Top 40 លើតារា Billboard ជាមួយនឹងលំដាប់ខ្ពស់បំផុតនាំមុខគេដោយក្រុមចម្រៀងនារីនេះ។

គួរជម្រាបថា BLACKPINK គឺជាក្រុមច្រៀងនារី K-POP តែមួយគត់ក្នុងប្រវត្តិសាស្ត្រ ដែលមានចម្រៀង៤បទ ជាប់ចំណាត់ថ្នាក់ក្នុងតារាង Billboard Hot 100 ដូចជាបទ «Kill This Love», បទ «DDU DU DDU DU», បទ «Kiss and Make Up» សហការជាមួយ Dua Lipa និងបទ «Sour Candy» សហការជាមួយ Lady Gaga។ បន្ថែមពីនេះ BLACKPINK បានឈរនៅលេខរៀងទី១៧ ក្នុងតារាចម្រៀង official chart single របស់អង់គ្លេសផងដែរ តាមរយៈបទ «Sour Candy»៕